នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន Royal Group តំណាងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចែកចាយទីផ្សារឈានមុខគេលំដាប់ពិភពលោក EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក Lee Gab Soo នាយកប្រតិបត្តិ នៃក្រុមហ៊ុន EMART នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍សម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុនចែកចាយទីផ្សារឈានមុខគេ លំដាប់ពិភពលោក EMART ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Shinsegac Group នៃសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុនសាជីវកម្ម Royal Group ដ៏ធំជាងគេរបស់កម្ពុជា។ អនុស្សរណៈយោគយល់នេះ តំណាងឲ្យវឌ្ឍនភាពថ្មី នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថាទៀតថា ក្នុងរយៈពេលជាង ២ទសវត្សកន្លងមកនេះ កម្ពុជាបានរីករាយជាមួយផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ដែលសម្រេចបានក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ។ លទ្ធផលដ៏គាប់ប្រសើរនេះ កើតចេញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងសមត្ថភាពខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ សំដៅលើកស្ទួយស្ថិរភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីកំណែទម្រង់។ តាមរយៈវឌ្ឍនភាពសេដ្ឋកិច្ចកម្រិតនេះ បានផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ក្នុងការទទួលបានផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រួមទាំងបទពិសោធន៍នៃការទិញទំនិញថ្មី ដែលក្រុមហ៊ុន EMART នឹងផ្តល់ជូនអតិថិជនកម្ពុជាទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមហ៊ុន EMART ដែលសម្រេចបានកំណត់ត្រាប្រសើរបំផុត ក្នុងការបំពេញប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩០ និងមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងបទពិសោធន៍រឹងមាំ ក្នុងការចែកចាយ និងធ្វើទីផ្សាររបស់ ក្រុមហ៊ុន EMART ព្រមទាំងការដឹកនាំក្នុងវិស័យជាច្រើនរបស់ Royal Group ការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដចំពោះទីផ្សារកម្ពុជា តាមរយៈការនាំមកនូវបទពិសោធន៍ ជំនាញ បណ្តាញទីផ្សារទំនើប និងកម្រិតខ្ពស់បែបច្នៃប្រឌិត ព្រមទាំងឱកាសការងារដ៏សម្បូរបែប ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឲ្យទទួលបានផ្លែផ្កានៅក្នុងកិច្ចសហការនេះ ព្រមទាំងមានភាពជោគជ័យ ក្នុងការបណ្តាក់ទុនវិនិយោគរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ។