ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល៖ ក្នុងរយៈពេល៣០ឆ្នាំ មន្ទីរ​ពេទ្យគន្ធបុប្ផា ទទួលពិនិត្យព្យាបាល​​កុមារនិងស្រ្តីមានផ្ទៃពោះ ផ្នែកពិគ្រោះ​ជំងឺ​ក្រៅជាង២១លានករណី


ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថាក្នុងរយៈពេល៣០ឆ្នាំ នៃប្រតិបត្តិការមន្ទីរ​ពេ​ទ្យគន្ធបុប្ផា បានទទួលពិនិត្យ ព្យាបាល​​កុមារ និងស្រ្តីមានផ្ទៃពោះនៅផ្នែកពិគ្រោះ​ជំងឺ​ក្រៅ​ បានចំនួន ២១,២៤៦,១៧៧​ករណី (ជំងឺកុមារចំនួន ១៨,៨២៦,៤៥៧ករណី)។

ក្នុងនោះបានព្យាបាលកុមារសម្រាកក្នុងមន្ទីរ​ពេទ្យ​​ចំនួន​ ២,៣១៧,៧២៣នាក់ សម្រាលកូន បានចំនួន ៣៦០,៥២៣នាក់ និងព្យាបាលវះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៦,៤០២នាក់ ហើយត្រឹមតែមន្ទីរពេទ្យជ័យវរ្ម័នទី៧ តែមួយមានកុមារសរុបជាង១លាននាក់បានមកទទួលសេវាពិនិត្យនិងព្យាបាល។​​

ការថ្លែងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ ដែលមានការចូលរួមពី លោកបណ្ឌិត René Schwarzenbach ប្រធានមូលនិធិ​គន្ធបុប្ផាស្វីស និងលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធា​នលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា រួមជាវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិកា ចំនួនជាង៤០០នាក់ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

សន្និសីទអន្តរជា​តិគន្ធបុប្ផាត្រូវបានរៀបចំឡើងជាលើកដំបូង នាឆ្នាំ២០០៤ ដោយឈរលើស្មារតីលើកកម្ពស់វិជ្ជាជីវៈ​វេជ្ជសាស្រ្តជាប្រចាំ ដើម្បី​ផ្លាស់ប្តូរបទពិសោធន៍បច្ចេក​ទេ​សក្នុងការព្យាបាលជំងឺ រវាងវេជ្ជបណ្ឌិតកម្ពុជា និងសាស្ត្រាចារ្យល្បី​ៗមកពីមន្ទីរពេទ្យកុ​មារ នៃសាកលវិទ្យាល័យហ្សុយរិក ប្រទេសស្វីស ប៉ុន្តែត្រូវបា​ន​អាក់ខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជា​សកលនៃជំងឺកូវីដ-១៩។

ប្រធានបទសន្និសីទអន្តរជាតិគន្ធបុប្ផាលើកទី៨ផ្តោតលើ ១៖ ការព្យាបាលថែទាំជំងឺទារក,២៖ ការព្យាបាលសង្គ្រោះបន្ទាន់ផ្នែកកុមារ, ៣៖បទពិសោ​ធន៍ក្នុងការគ្រប់គ្រងព្យាបាលអ្នក​ជំ​ងឺ​កូវីដ-១៩ នៅមន្ទីរពេទ្យគន្ធបុប្ផា​ និងនៅមន្ទីរពេទ្យកុមារប្រទេសស្វីស និង៤៖ បច្ចុប្បន្នភាពបច្ទេកទេសផ្នែកសល្យសា​ស្ត្រកុមារ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់សម្តេ​ច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​ម​ន្រ្តី​ នៃ​កម្ពុជា ជូនចំពោះបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់សេវា ថែទាំកុមារប្រកបដោយស្មារតីវិជ្ជាជីវៈខ្ពស់ ទោះបីជាស្ថិតក្នុងកាលៈទេសៈ នៃការរាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចថា​ ថ្ងៃនេះគឺជាខួបគម្រប់៣០ឆ្នាំ នៃមន្ទីពេទ្យគន្ធបុប្ផា ហើយយើងទាំងអស់គ្នាចងចាំជានិ​ច្ចលោកវេជ្ជបណ្ឌិត BEAT RICHNER និងលោកវេជ្ជបណ្ឌិត PETER STUDER គឺជាស្ថាបនិកមន្ទីរពេទ្យគន្ធបុ​ប្ផា ដែលបានខិតខំប្រឹងប្រែងឥតនឿយហត់ លះបង់ទាំងកំលាំងកាយ ចិត្តនិងថវិកា និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វីស និងសប្បុរសជនគ្រប់លំដា​ប់ថ្នាក់ ទាំងនៅប្រទេសស្វីស និងនៅកម្ពុជា ទើបមន្ទីរពេទ្យគន្ធបុប្ផាសម្រេច​បាន​នូវសមិទ្ធផលធំៗ​ជាច្រើន។ ជាពិសេសបានជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាយ៉ាងច្រើន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាឆ្នាំ១៩៩២ ​មន្ទីរពេទ្យគន្ធបុ​ប្ផាមានតែមួយទីតាំង និងមានគ្រែសម្រាកពេទ្យចំនួន ៦០គ្រែ តែ​បច្ចុប្បន្ន មន្ទីរពេទ្យ មាន៥ទីតាំង មានគ្រែសរុប ២,០៨៨គ្រែ និងមានបុគ្គលិកចំនួន ២,៤៩៩នាក់ កំពុងបម្រើការងារប្រកប​ដោយវិជ្ជាជីវៈនិងក្រមសីលធម៌។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិគន្ធបុប្ផាស្វីស Dr.med. Beat Richner និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញដ៏ខ្ពង់​ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តី​នៃ​កម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គ្រប់គ្រងដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមវិភា​គទានជាមួយមូលនិធិ​​គន្ធ​បុប្ផា​ទាំងពីរ និង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ​គាំទ្រ​ដល់ដំណើរការមន្ទីរពេ​ទ្យ​គន្ធបុប្ផា​​ ឱ្យ​នៅតែជាមន្ទីរពេទ្យមួយមាន ស្តង់ដារព្យាបាលខ្ពស់​ ប្រក​បដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដោយឥតគិតថ្លៃ ហើយដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់និ​ង​ជឿទុកចិត្ត។

លោកបណ្ឌិត René Schwarzenbach ប្រធានមូលនិធិ​គន្ធបុប្ផាស្វីស បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់មន្ទីរពេទ្យគន្ធបុ​ប្ផា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ​ដែលធ្វើឱ្យមន្ទីរពេទ្យគន្ធបុ​ប្ផាត្រូវបានទទួលស្គាល់ថាជា មជ្ឈមណ្ឌលឧត្តមភាពនិងការបណ្តុះបណ្តាល។

លោកប្រធានមូលនិធិក៏បានថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុ​ប្ផា ព្រមទាំងប្តេជ្ញាបន្តគាំទ្រមូលនិធិគន្ធបុប្ផាស្វីស និងអំពាវនាវដល់រដ្ឋាភិបាលស្វីសបន្តគាំទ្រមន្ទីរពេទ្យគន្ធបុ​ប្ផា។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Micheal Grotzer អនុប្រធានមូលនិធិគន្ធបុប្ផាស្វីស បានគូសរំលេចថា ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុ​ប្ផារយៈពេល៣០ឆ្នាំកន្លងមកនេះ ដោយគោលគំនិតសំខាន់ៗពីររបស់លោកវេជ្ជបណ្ឌិត BEAT RICHNER គឺ ១៖ ការផ្តោតលើគុណភាពនៃវេជ្ជសាស្រ្តកុមារ រួមមានកិច្ចសហការអន្តរផ្នែក និងអន្តរវិជ្ជាជីវៈទាំងវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ គិលានុប្បដ្ឋាក-យិកា និងផ្នែកមន្ទីរពិសោធន៍ និង២៖ ការយកចិត្តទុកដាក់លើសុវត្ថិភាពនៃការថែទាំអ្នកជំងឺ៕