ឯកឧត្តមរដ្ឋមន្ត្រីការងារចែករំលែកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនជាមួយសមាជិកអាស៊ាន


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសិក្ខាសាលាអាស៊ានស្តីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប។

សិក្ខាសាលានេះមានការចូលរួមពីតំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន និងតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។

សិក្ខាសាលានេះដែរមានគោលបំណងផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍រវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមកនូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍នានានៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។ ចំពោះកម្ពុជា ការចែករំលែកនេះគឺជាធាតុចូលបន្ថែមដ៏មានសារៈសំខាន់បំផុតសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាពលរដ្ឋទាំងនោះទទួលបានការងារសមរម្យ សន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថានឹងមិនទុកនរណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃប្រព័ន្ធសន្តិសុខសង្គមឡើយ។

ឯកឧត្តម អ៉ិត សំហេង បានបន្តថា ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនៃប្រទេសនីមួយៗ។ យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលភាគច្រើនជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើនបំផុតនៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យមមានចំនួនប្រហែល៩៧ភាគរយនៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ៦០ភាគរយនៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដើម្បីផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុនៅពេលចាស់ជរាជូនពលរដ្ឋដែលធ្វើការក្នុងវិស័យឯកជន ក៏ដូចជាមន្រ្តីសាធារណៈ, ការបន្តអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ, ការពិនិត្យលទ្ធភាពពង្រីកវិសាលភាពជាជំហានៗនូវមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដើម្បីពង្រីកការគាំពារទៅដល់ពលរដ្ឋរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការរៀបចំនិងដាក់ឱ្យអនុវត្តនូវកម្មវិធីលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងសហគ្រាសធុនតូចនិងមធ្យមចុះបញ្ជីបុគ្គលិកទាំងអស់នៅក្នុងប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ត្រូវបានដាក់បញ្ចូលទៅក្នុងសសរស្តម្ភទី៣នៃក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយឈរលើសសរស្តម្ភចំនួន៣ រួមមាន៖ ១.ការស្តារឡើងវិញ ២.ការកែទម្រង់ និង៣.ការកសាងភាពធន់។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានជម្រាបជូនអង្គពិធីថា សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងតំបន់អាស៊ាន ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ ហើយត្រូវបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដើម្បីអនុម័តនិងប្រកាសនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់អាស៊ាន និងជាការបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍៕