អូស្ត្រាលីគ្រោងផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាប្រមាណ ៨១លានដុល្លារអូស្រ្ដាលី សម្រាប់ឆ្នាំ២០២២-២០២៣


អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌគោលនយោបាយជំនួយអភិវឌ្ឍន៍ទូទៅរបស់ប្រទេសអូស្រ្ដាលីនៅកម្ពុជា និងក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែបន្តផ្ដល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យ និងថ្មីៗនេះ តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី CAP-RED ដែលបានសម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។
ការដាក់ឲ្យដំណើរការកម្មវិធី CAP-RED នេះ គឺមិនត្រឹមតែស្របពេលនឹងខួបគម្រប់ទី ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ កម្ពុជា-អូស្ត្រាលី ប៉ុណ្ណោះទេ តែស្របទៅនឹងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជា បាន និងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន និងកំពុងរៀបចំខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោកឯកអគ្គរាជទូតអូស្រ្តាលី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទី និងប្ដេជ្ញាយ៉ាងមុតមាំ ក្នុងកិច្ចសហការជាមួយភាគីភាគីពាក់ព័ន្ធនានា ដែលអនុវត្តគម្រោងក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសអូស្ត្រាលីនាពេលកន្លងមក។ ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី។

លោកឯកអគ្គរាជទូត បានផ្ដល់ដំណឹងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ ហើយគ្រោងនឹងផ្ដល់នូវជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ប្រមាណ៨១លានដុល្លារអូស្រ្ដាលី សម្រាប់ឆ្នាំ២០២២-២០២៣ ដើម្បីជួយគាំទ្រកម្ពុជាឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងអន្តរកាល ប្រកបដោយភាពធន់ និងបរិយាប័ន្ន ដើម្បីឈានទៅកាន់ប្រទេសដែលមានចំណូលមធ្យមត្រឹមឆ្នាំ២០៣០។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឯកអគ្គរាជទូត ក្នុងការជួយជំរុញឲ្យមានវឌ្ឍនភាពប្រកបដោយផ្លែផ្កានៃកម្មវិធី CAP-RED ក្រោមកិច្ចសហការ ពីភាគីពាក់ព័ន្ធនានា និងបានវាយតម្លៃខ្ពស់ចំពោះបច្ចុប្បន្នភាពអាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាល អូស្រ្ដាលីសម្រាប់កម្ពុជា ដែលមានលក្ខណៈស្របគ្នា នឹងអាទិភាពគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងសង្ឃឹមជឿជាក់ថា អាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍ដែលស្របទៅនឹងទស្សនវិស័យរួម កម្ពុជា-អូស្ត្រាលី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យសម្រេចបាននូវផលទ្ធផលកាន់តែល្អប្រសើរ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងលោកឯកអគ្គរាជទូត Pablo Kang បានសម្តែងនូវសុទិដ្ឋិនិយមចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី លើគ្រប់វិស័យ ជាពិសេស រួមសហការគ្នាអនុវត្តកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ឲ្យអនុវត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទន៕