សម្តេចតេជោ ហ៊ុន សែន ណែនាំទូតគុយវ៉ែត ពិនិត្យលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងស្បៀងអាហារ រវាងកម្ពុជា និងគុយវ៉ែត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ប្រទេសគុយវ៉ែត ជាប្រទេសដែលមានលទ្ធភាពខ្ពស់ លើការផលិត និងផ្គត់ផ្គង់ថាមពល ខណៈកម្ពុជាមានលទ្ធភាពខ្ពស់លើការងារផលិតស្បៀងអាហារ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងពីរនេះ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា-គុយវ៉ែត។

ការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតគុយវ៉ែត បានបង្ហាញការប្តេជ្ញាចិត្តប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។

លោកបានបន្តថា លោកនឹងជំរុញការអនុវត្តន៍រាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នានាពេលកន្លងមក មានដូចជា ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្តល់ការងារដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការនៅគុយវ៉ែត និងការធ្វើពាណិជ្ជកម្មផ្នែកស្បៀងអាហារជាដើម។

លោកឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ដែលបានទទួលជួបរូបលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរជូនលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងបំពេញបេសកកម្មការទូតនៅកម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏ស្វាគមន៍ការប្តេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន ក៨បានផ្តល់អនុសាសន៍ឱ្យលោកឯកអគ្គរដ្ឋទូត ពិនិត្យលើវិស័យដទៃទៀត ដែលកម្ពុជា និងគុយវ៉ែត អាចបន្តសហការគ្នាបាន៕