ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ បើកសម្ពោធសន្និសីទស្តីពី «ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០»


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញថ្លែងបើកសម្ពោធសន្និសីទស្តីពី «ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០» (Comprehensive Asian Development Plan – CADP 3.0) ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដោយមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមរបស់ ERIA ក្នុងការស្រាវជ្រាវ ដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងអាស៊ាន។ ជាក់ស្តែង «ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០» នឹងផ្តល់នូវក្របខ័ណ្ឌទ្រឹស្តី សម្រាប់ការអភិវឌ្ឍឌីជីថលនៃអាស៊ី រួមជាមួយនឹងអនុសាសន៍គោលនយោបាយដ៏ទូលំទូលាយ និងមានតម្លៃជាច្រើន ដែលនឹងរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឌីជីថលក្នុងតំបងន់ និងសកលលោក។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា «ផែនការអភិវឌ្ឍន៍អាស៊ីគ្រប់ជ្រុងជ្រោយ ៣.០» នឹងជួយដោះស្រាយបញ្ហាប្រឈមទាំង ក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន រហូតដល់វិស័យថាមពល ជាពិសេសការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មប្រពៃណីដូចជាកសិកម្មជាដើម ដែលនឹងបង្កើតឱកាសដ៏ច្រើន សម្រាប់អាជីវកម្មថ្មីៗ។

ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមផ្តល់អនុសាសន៍គន្លឹះដល់វិទ្យាស្ថាន ERIA ក្នុងការពង្រឹងសមត្ថភាព និងធ្វើឱ្យការស្រាវជ្រាវរបស់ខ្លួន កាន់តែស៊ីជម្រៅលើការច្នៃប្រឌិតឌីជីថល និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដោយបញ្ចូល និងឆ្លុះបញ្ចាំងពីសំឡេងវិស័យឯកជន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ និងយ៉ាងសកម្ម ជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា (ERIA) ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងដំណើរការសមាហរណកម្មក្នុងតំបន់ និងពិភពលោក៕