ព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៧ លោក ថេង តារា អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះត្រួតពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងតំបន់អាងស្ទឹងមោង-ដូនទ្រី ត្រង់ចំនុចអាងទឹកបាសាក់ ព្រែកជីក ប្រឡាយប៉ូ និងរាមគុណ ស្ថិតក្នុងខេត្តបាត់ដំបង ។
តាមការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារ សង្កេតឃើញថា ស្ថានភាពទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងអាង មានលក្ខណៈធម្មតា ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ ។
ចំណែកឯសកម្មភាពបង្កបង្កើនផលដំណាំស្រូវនៅក្នុងអាង ជារួមក៏មិនមានបញ្ហាដែរ ។ ប្រជាកសិករ បាន និងកំពុងធ្វើការច្រូតកាត់ស្រូវបង្កើនរដូវ និងបន្តដាំដុះដំណាំស្រូវរដូវវស្សាយ៉ាងសកម្ម ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងប្រព័ន្ធស្រោចស្រពព្រែកជីក រាមគុណ និងប្រឡាយប៉ូ ។