នារសៀលថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម តូច ចាន់នី ប្រធានអគ្គនាយកដ្ឋានសង្គមកិច្ចនៃក្រសួងសង្គមកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ផ្តល់ជូនតាមរយៈរដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ១៩៥ គ្រួសារ មកពី ឃុំស្រែគរ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងគណៈអភិបាលស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ស្វាយ សំអ៊ាង បានប្រសាសន៍ថា÷ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់អំណោយនាឱកាសនេះ គឺដើម្បីជួយដល់គ្រួសារ ងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដល់គ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន១៩៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន រួមមាន : អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១ យួរ និងភួយ១ ផងដែរ៕








