សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់ថា ដោយមានការរួមវិភាគទាន និងការគាំទ្រពីបណ្តាប្រទេសជាមិត្តទាំងអស់ ទើបមហាសន្និបាតអាយប៉ា លើកទី៤៣ បានប្រព្រឹត្តទៅដោយជោគជ័យក្រោមបរិយាកាសមិត្តភាព សហប្រតិបត្តិការ និងស្មារតីស្ថាបនា។
AIPA ជាយន្តការការទូតសភា កាន់តែមានសារៈសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីរួមចំណែកដោះស្រាយបញ្ហាវិវត្តប្រែប្រួលស្មុគស្មាញ ដ៏ឆាប់រហ័ស និងគ្រោះថ្នាក់ពិបាកប៉ាន់ស្មាន នៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ដែលបង្កអោយមានសង្គ្រាមនៅតាមតំបន់នានា អសន្តិសុខ វិបត្តិស្បៀង ថាមពល និងបញ្ហាបរិស្ថាន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍បន្តថា យើងជាសមាជិកសភា គួរធ្វើសកម្មភាពឆ្លើយតប ដោយបុរេសកម្ម លើកកម្ពស់គុណតម្លៃច្បាប់អន្តរជាតិ ដោយស្មារតីគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យភាពទៅវិញទៅមក ឈានទៅកសាងតំបន់ និងពិភពលោក ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍយូរអង្វែង សម្រាប់កូនចៅយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។