ក្នុងឱកាសអញ្ជើញជាមួយលោកជំទាវ ប៉ែន ចន្ទី ជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ្នកគ្រូ លោកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអះអាងថា មានសន្ដិភាព ទើបមានអ្វីៗទាំងអស់។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្រុងដូនកែវ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ការរីកចម្រើនលើគ្រប់វិស័យរបស់ជាតិនាពេលនេះ ពិសេសនៅលើវិស័យអប់រំ សរបញ្ជាក់ឲ្យកាន់តែច្បាស់អំពីសុឆន្ទៈយ៉ាងពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលចង់ឲ្យកូនខ្មែរគ្រប់ៗរូប ទទួលបាននូវការអប់រំបណ្ដុះបណ្ដាល សិក្សារៀនសូត្រ ប្រកបដោយសមធម៌ចំណេះដឹង ដើម្បីជាគ្រាប់ពូជដ៏ល្អ ក្នុងការចូលរួមកសាងអភិឌ្ឍន៍ជាតិមាតុភូមិរបស់យើង។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត បានបន្តថា កន្លងមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកសាងស្តារប្រទេសជាតិពីគំនរផេះផង់ ពីបាតដៃទទេចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យសិក្សាអប់រំ បានខិតខំកសាងសាលារៀនរាប់ម៉ឺនខ្នងនៅទូទាំងប្រទេស។
ជាក់ស្ដែងសម្រាប់ក្រុងដូនកែវ បើតាមរបាយការណ៍របស់លោក កង អាណាន់ អភិបាលក្រុង បានឲ្យដឹងថា មកដល់ពេលនេះ មានអគារសិក្សាចំនួន៨៥ខ្នង ស្មើនឹង៤១៨បន្ទប់ ដែលមានវិទ្យាល័យចំនួន២កន្លែង អនុវិទ្យាល័យចំនួន៣កន្លែង បឋមសិក្សា១៤កន្លែង មត្តេយ្យសិក្សា១៣កន្លែង និងមតេយ្យសិក្សាសហគមន៍មាន២កន្លែង ក្នុងនោះ អគារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន១៥ខ្នង ស្មើនឹង៩៥បន្ទប់។ មានសិស្សសរុប៤,៤៣៩នាក់ ស្រី៤,១៨២នាក់ និងមានបុគ្គលិកអប់រំ សរុបចំនួន៤៧៨នាក់។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនគ្រឿងឧបភោគ-បរិភោគដល់ ៣វត្ត៖ វត្តតុំ វត្តសីហរតនារាម និងវត្តលឹមពូល ក្នុង១វត្តៗប្រគេនអង្គរ ២០០គីឡូក្រាម, ត្រីខ២កេស, ប៊ីចេង២គីឡូក្រាម ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ២យួរ ទឹកសុទ្ធ ១០កេស ទឹកក្រូច១០កេស, ទឹកដោះទឹកគោ១កេសធំ និងបច្ច័យ ចំនួន២លានរៀល ព្រមទាំងបានចែកជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ យុវជន ក្រុមប្រឹក្សាសង្កាត់ក្រុងដូនកែវ និងបានឧបត្ថម្ភសាលាក្រុងដូនកែវ ថវិកាចំនួន២លានរៀល សាលាសង្កាត់រកាក្រៅ ថវិកា៥០ម៉ឺនរៀល និងឧបត្ថម្ភដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕