ក្រុមប្រឹក្សាធម្មនុញ្ញ៖ វិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺស្របនឹងរដ្ឋធម្មនុញ្ញ


(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទដោយចំនួន០៩សំឡេង នៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូលថា វិសោធនកម្មប្រការមួយចំនួន នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា គឺស្របនឹងរដ្ឋធម្មនុញ្ញ។

ការសម្រេចឯកច្ឆន្ទវិសោធនកម្មត្រង់ប្រការខាងលើនេះ បានធ្វើឡើងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី បានស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ និងសម្រេចលើធម្មនុញ្ញភាពលើវិសោធនកម្មប្រការ ២ថ្មី(ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) ប្រការ១៦ និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

បទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៣។ បទបញ្ជាផ្ទៃក្នុងរដ្ឋសភាកម្ពុជា ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន ១០លើករួចមកហើយ ដើម្បីឱ្យខ្លឹមសារមានសង្គតិភាពទៅនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ព្រមទាំងសមស្របតាមស្ថានភាពជាក់ស្ដែង។

ដោយឡែកការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាលើកទី១១ នេះក្នុងគោលបំណងឱ្យខ្លឹមសារមានសង្គតិភាពទៅនឹងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ព្រមទាំងសមស្របតាមស្ថានភាពជាក់ស្ដែងធានាបាននូវនិរន្តរភាពជាតិ និងធានាបាននូវកិច្ចដំណើរការជាប្រក្រតីរបស់រដ្ឋសភា។

សេចក្តីស្នើវិសោធនកម្មបការ ២ថ្មី(ពីរ) ប្រការ ៥ថ្មី(ពីរ) ប្រការ ១០ថ្មី(បី) ប្រការ១៦ និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖

១៖ ខ្លឹមសារមានសង្គតិភាពទៅនឹងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ មាត្រា៨៩ មាត្រា៩៨ថ្មី(មួយ) និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ មាត្រា៤ថ្មី(មួយ)។

២៖ ធានាឱ្យរដ្ឋសភា ដែលជាស្ថាប័នមានអំណាចនីតិប្បញ្ញត្តិ មានដំណើរការប្រព្រឹត្តទៅដោយប្រក្រតី ដោយរលូន និងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ដើម្បីធានាការពារ និងថែរក្សានូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយរបស់ប្រទេសជាតិ។

៣៖ ធានាបាននូវការគោរពគោលការណ៍បែងចែកអំណាច លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

៤៖ កំណត់អំពីបែបបទ និងនីតិវិធីនៃការជ្រើសតាំងរចនាសម្ព័ន្ធដឹកនាំរដ្ឋសភា នៅដើមនីតិកាលនីមួយៗ នៅគ្រប់កាលៈទេសៈ និងការផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល នៅដើមនីតិកាលនីមួយៗនៃរដ្ឋសភា នៅគ្រប់កាលៈទេសៈ ព្រមទាំងការអញ្ជើញសមាជិករាជរដ្ឋាភិបាលអមដោយឥស្សរជនជាអ្នកជំនាញក្នុងវិស័យណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស និងចំនួនតំណាងរាស្ត្រក្នុងការលើកសំណើជូនរដ្ឋសភា នូវញ្ញត្តិបន្ទោសរាជរដ្ឋាភិបាល។

៥៖ ធានាឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការទំនាក់ទំនងការងារផ្សេងៗខាងក្រៅរដ្ឋសភា ជាមួយក្រសួង ស្ថាប័ននានា និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងការងារការទូតសភា ឱ្យកាន់តែមានប្រសិទ្ធភាព៕