ទេសរដ្ឋមន្រ្តី លី ធុជ ជួបពិភាក្សាជាមួយនាយកប្រតិបត្តិនៃអង្គការ MAG ពីកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងឱកាសនោះ ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតអង្គការ MAG ប្រចាំនៅកម្ពុជា ក្នុងចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ ក៏ដូចជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ MAG ទាំងអស់ ព្រមទាំងបានចាត់ទុកអង្គការ MAG គឺជាដៃគូមួយយ៉ាងសំខាន់ មិនត្រឹមតែការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅទីវាលប៉ុណ្ណោះទេ គឺជាដៃគូយុទ្ធសាស្រ្តឱ្យរយៈពេល ៣០ឆ្នាំផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អង្គការ MAG ក្នុងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រាប់នាយកប្រតិបត្តិនៃអង្គការ MAG ថា រយៈពេល៣០ឆ្នាំនេះ កម្ពុជាស្ថិតក្នុងចំណោមប្រទេស ក្នុងពិភពលោក ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាប្រទេសឈានមុខ និងជាប់ចំណាត់ថ្នាក់លេខ១ ដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។

ឯកឧត្តមបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារបោសសម្អាតមីន និងគ្រប់មិនទាន់ផ្ទុះ ជាពិសេសថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសបិទសន្និបាទខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា បានជំរុញឱ្យពន្លឿនការងារបោសសម្អាតមីន ព្រមទាំងបានទម្លាក់ថវិការបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារបន្ថែមទៀត ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជាអស់មីន ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ អង្គការ MAG បានរំដោះផ្ទៃមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ១២៤,៧គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៨៤,១៨៨គ្រាប់ គ្រាប់បែកចង្កោម ៣២,១៧១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ២៨៨,០៤៩គ្រាប់ ដោយមានអ្នកទទួលផលជាង ២លាននាក់ ព្រមទាំងបានអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះចំនួន ៣៧,៧១០លើក។