ជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ទោះត្រូវបានបញ្ចប់ការងារ តែលោកនៅតែមានសុឆន្ទៈគាំទ្រលើការអភិវឌ្ឍ និងជួយជំរុញវិនិយោគិនកូរ៉េមករកស៊ីនៅកម្ពុជា


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះបានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

លើកឡើងនាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសចំពោះជំនួយនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរដ្ឋាភិបាលកូរ៉េបានផ្តល់ជូនមកកម្ពុជាជាហូរហែរ ហើយមានគម្រោងមួយចំនួនដែលកំពុងអនុវត្តនៅពេលសព្វថ្ងៃរួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ជាដើម។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ការរៀបចំផែនការមេវិស័យភស្តុភារកម្ម ការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសគម្រោងសិក្សាលើការជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់ឈូងសមុទ្រខេត្តកំពត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា ដែលភាគីទាំងពីរ កម្ពុជា-កូរ៉េ ទើបនឹងចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ ក្នុងឱកាសនោះក៏មានការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធ បណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០លានដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទំហំទឹកប្រាក់ប្រមាណជិត ២៤៦ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនោះដែរលោក Park Heung-Kyeong ក៏បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ។ លោកបានបន្ថែមថា ផ្លូវថ្នល់គឺជាបច្ច័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្រិតនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយបានជាការចូលរួមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជារឿងមួយដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតែយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្ត ដើម្បីរឹតបន្តឹងចំណងសម្ព័ន្ធមេត្រីភាពល្អជាមួយគ្នា។

លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី ដែលថា បើទោះជាបេសកកម្មការទូតរបស់លោកនៅកម្ពុជាត្រូវបានបញ្ចប់ ប៉ុន្តែលោកនៅតែមានសុឆន្ទៈ ក្នុងការចូលរួមគាំទ្រលើការអភិវឌ្ឍ ប្រទេសកម្ពុជា ដោយនឹងជួយជម្រុញណែនាំដល់វិនិយោគិនកូរ៉េ ដែលមានបំណងធ្វើការវិនិយោគនៅក្រៅប្រទេស ឱ្យងាកមកពិចារណាលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូននេះផ្ទាល់។

ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថិល ក៏បានជម្រាបជូនអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រឹង យកអស់កម្លាំងកាយចិត្តក្នុងការរៀបចំសេចក្តីព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract – PPP) ឱ្យបានចប់សព្វគ្រប់ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅរកការចុះហត្ថលេខា នាដើមឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺពិតជាស្ថិតក្រោមទម្រង់នៃការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ប្រាកដមែន ដោយហេតុថាភាគីរដ្ឋទទួលបន្ទុកលើហិរញ្ញប្បទានក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយភាគីក្រុមហ៊ុនឯកជនទទួលបន្ទុកក្នុងការវិយោគសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធនានា។ រដ្ឋាភិបាលកម្ពុជា ជ្រើសយកវិធីវិនិយោគបែបនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ តាមរយៈស្ពានដែលមាន៤គន្លង ដោយមិនចាំបាច់មានការចំណាយបន្ថែមផងដែរ៕