(ភ្នំពេញ)៖ ខណ្ឌឫស្សីកែវ ជាខណ្ឌទី១៤ ហើយក៏ជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំម្តង ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋបានដឹងពីសមិទ្ធផល ដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយជូនពួកគាត់។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋាន MODERN5 ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានបញ្ចប់ហើយនៅត្រឹមខណ្ឌឬស្សីកែវនេះ សង្ឃឹមថា តាមរយៈវេទិកានេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋ តាមរយៈការស្នើសុំ និងការលើកជាសំណូមពររបស់ពួកគាត់។ ឯកឧត្តមបន្តថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ១៩។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជា សំណើ និងសំណូមពរដោយផ្ទាល់មាត់ចំនួន៤នាក់ និងជាលាយលក្ខណ៍អក្សរ ចំនួន៣១សន្លឹក។
ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់ រួមមាន៖ ស្នើសុំតទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១, ស្នើសុំភ្លើងបំភ្លឺសាធារណៈ ធ្វើលូ, ពង្រីកផ្លូវជាតិលេខ៥, ការស្នើពន្យល់ពីការផ្តល់កម្មសិទ្ធិដីធ្លី សម្រាប់ប្រជាពលរដ្ឋរស់តាមបណ្តោយច្រាំងទន្លេ, ស្នើសុំផ្តល់ប្រាក់ឧបត្ថមដែលស្លាប់ដោយជំងឺកូវីដ១៩ និងការសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចំរេះ។
ចំពោះសំណើ និងសំណូមពរខាងលើនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការស្នើសុំ តទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចំរេះទី១ លោកទើបទទួលបាននៅពេលនេះ តែលោកសន្យា ថានឹងចុះទៅពិនិត្យជាក់ស្តែងជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីតជូនតែត្រូវដាក់ពាក្យស្មើសុំ។
ចំពោះស្នើសុំភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយ។ ចំពោះការស្នើសុំផ្តល់ប្រាក់ឧបត្ថមដែលបានស្លាប់ដោយជំងឺកូវីដ១៩ លោក ឯក ឃុនដឿន បញ្ជាក់ថា អាជ្ញាធរបានដោះស្រាយលើបញ្ហានេះបាន៤០គ្រួសារហើយ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត។ ចំពោះការស្នើសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចំរេះ លោកសន្យាថា នឹងចាត់ការរឿងនេះ ដោយធ្វើរបាយការណ៍ទៅថ្នាក់រាជធានី ជាមួយនឹងការណែនាំឲ្យអ្នកអនុវត្តខុសកែប្រែឡើងវិញ៕