ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ដ្រីក្រសួងកិច្ចការសាសនា និងគរុណភណ្ឌ ប្រទេសអាល់ហ្សេរី


(អាល់ហ្សេរី)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកជនពិសេសនៃកម្ពុជាប្រចាំអង្គការ OIC នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Youcef Belmehdi រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា និងគរុភណ្ឌ នៃប្រទេសអាល់ហ្សេរី នៅទីក្រុងអាល់ហ្សេ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ក្នុងដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោក មកកាន់ប្រទេសអាល់ហ្សេរី និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា និងគរុភណ្ឌ។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា និងគរុភណ្ឌ នៃប្រទេសអាល់ហ្សេរី ពីស្ថានការណ៍នៅកម្ពុជា។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ ព្រមទាំងបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាម ទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប ហើយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូន សហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួនប្រមាណ១,៥០០នាក់ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសអាល់ហ្សេរី នឹងគាំទ្រដល់កម្ពុជា ក្នុងការស្នើសុំចូលជាសមាជិកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តការឥស្លាម (OIC) ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។

ឯកឧត្តមបានលើកពីគម្រោងសាងសង់មួយចំនួន ដើម្បីទាញយកថវិកាសម្រាប់ទ្រទ្រង់សហគមន៍ឥស្លាមកម្ពុជា ដូចជាឧបត្ថម្ភដល់អុីមាំម៉ាស្ជិទ ចាស់ជរា កុមាកំព្រា និងជនទីទ័លក្រជាដើម និងស្នើសុំឲ្យភាគីនៃប្រទេសអាល់ហ្សេរី សិក្សាលើការផ្ដល់ការឧបត្ថម្ភជាប្រាក់វាកាហ្វ ដើម្បីឲ្យគម្រោងនេះអាចដំណើរការបានដោយរលូន។ ឯកឧត្តមបានអញ្ជើញរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា និងគរុភណ្ឌ នៃប្រទេសអាល់ហ្សេរី ឲ្យមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម Youcef Belmehdi បានកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានសុខសន្តិភាព គ្មានអំពើហិង្សា គ្មានការរើសអើង មានការរីកចម្រើន ដែលជាគំរូល្អសម្រាប់ពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីខាងលើបន្តថា ប្រទេសអាល់ហ្សេរី ក៏កំពុងអនុវត្តនូវគោលនយោបាយដូចគ្នានេះដែរ ដោយអាល់ហ្សេរី ក៏ធ្លាប់ញាំញីដោយអសន្តិសុខ ដូច្នេះប្រទេសអាល់ហ្សេរី យល់យ៉ាងច្បាស់ពីតម្លៃសន្តិភាព។ អាល់ហ្សេរី ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាង៩៩% តែប្រទេសនេះផ្ដល់សិទ្ធិសេរីភាព ពេញលេញដល់ប្រជាជនគ្រប់រូប លើគោលជំនឿសាសនា ផ្ដល់ជូនថវិការដ្ឋ សម្រាប់ជួសជុលវិហារគ្រិស្ត និងមន្ត្រីរាជការទូទៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសិក្សានូវរាល់សំណើខាងលើ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំនៃប្រទេស និងបានសម្ដែងនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអាល់ហ្សេរី-កម្ពុជា នឹងមានភាពកាន់តែរឹងមាំ៕