(កំពង់ឆ្នាំង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងអំពីផែនការរៀបចំកាត់ឆ្វៀលលដីជូនប្រជាពលរដ្ឋ នៅស្រុកបរិបូណ៌ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះអន្តរក្រសួងនេះ បានធ្វើឡើងនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា គណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បើតាមលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រ មាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោកមេឃុំផ្លូវទូក ស្រុកកំពង់លែង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅល្ងាចថ្ងៃទី២០ ខែធ្នូ បានបញ្ជាក់ថា ជាលទ្ធផលក្នុងកិច្ចប្រជុំចំពោះឃុំសំរោងសែន និងឃុំផ្លូវទូក នៃស្រុកកំពង់លែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឯកភាពស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់៣ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក ឱ្យពួកគាត់បន្តអាស្រ័យផលវិញដដែល។ ដោយឡែកចំពោះប្រជាពលរដ្ឋដែលពុំមានដីធ្លីធ្វើកសិកម្ម នៅក្នុងឃុំទាំង២នេះ ក្នុងនោះប្រជាពលរដ្ឋដែលបានធ្វើបន្លាស់ទីឡើងពីផ្ទះបណ្តែ តទឹកមករស់លើកគោក ក្រុមការងារអន្តរក្រសួង និងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល នឹងចែកជូនដីស្រែក្នុង១គ្រួសារៗ ចំនួន២ហិកតា រួមទាំងដីលំនៅដ្ឋាន។
ចំណែកពលរដ្ឋដែលរស់នៅផ្ទះបណ្តែតទឹកក្នុងស្រុកបរិបូណ៌ និងស្រុកកំពង់លែង មិនអនុញ្ញាតឱ្យរស់នៅក្នុងផ្ទះបណ្តែតទឹកជាបន្តទៀតទេ ត្រូវបម្លាស់ទីឡើងមករស់នៅលើគោកវិញ រាជរដ្ឋាភិបាលនឹងចែកដីលំនៅដ្ឋាន រួមទាំងដីសម្រាប់ធ្វើកសិ កម្មផងដែរ។
ចំពោះផែនការកាត់ឆ្វៀលដីតំបន់៣ មកជាដីតំបន់២ ពីតំបន់២ មកជាដីតំបន់១ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងខាងលើនេះ ប្រជាពលរដ្ឋពិតជាមានក្តីត្រេកអរ និងរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអន្តរក្រសួង ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោរ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងជាវីរៈបុរសន្តិភាព ដែលសម្តេចតែងដឹងសុខទុក្ខ ជីវភាព និងរាល់ទុក្ខលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលក្នុងនាមសម្តេចជាឪពុក ជាម្ដាយ និងជាអាណាព្យាបាលរបស់ពលរដ្ឋ៕