សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន ចូលជម្រាបលានិងទទួលអនុសាសន៍ មុនចេញទៅបំពេញតួនាទីជាអគ្គលេខាធិការអាស៊ាន


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចូលជួបសម្តែងការគួរសម ទទួលអនុសាសន៌ និងជម្រាបលា មុនឯកឧត្តមចេញទៅបំពេញតួនាទី ជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិ ៥ឆ្នាំ (២០២៣-២០២៧)។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទនភាព និងកោតសរសើរ ចំពោះ ឯកឧត្តម ដែលជាកូនខ្មែរមួយរូប ដំបូងគេទទួលបាន នូវមុខតំណែងដ៏មានសារៈសំខាន់នេះ ហើយសង្ឃឹមថា ឯកឧត្តមនឹងបំពេញតួនាទីជា អគ្គលេខាធិការអាស៊ានទទួលបានជោគជ័យ ក្នុងបេសកកម្ម ក៏ដូចជាដើម្បីលើកស្ទួយកិត្យានុភាពរបស់ជាតិយើង។
សម្តេចបានគូសបញ្ជាក់ថា តួនាទីជាអគ្គលេខាធិការអាស៊ាន ពិតជាមាន សារៈសំខាន់ខ្លាំងណាស់ ព្រោះតួនាទីនេះ ជាក្បាលម៉ាស៊ីនបម្រើឱ្យអង្គការតំបន់ដ៏ធំមួយនេះ ដែលរក្សាបាន នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជារៀងរហូតមក។ សម្តេចមាន ជំនឿថា ជាមួយនឹងបទពិសោធន៌ទូលំទូលាយ ឆន្ទៈដ៏មោះមុត និងភាពឈ្លាសវៃរបស់ ឯកឧត្តម ព្រមទាំងមានកិច្ចសហការ និងការគាំទ្រ ពីសហការី នៃលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម នឹងសម្រេចបាននូវបេសកកម្មរបស់ខ្លួន ជាពិសេស ការឈាន ទៅអនុវត្តដោយ ជោគជ័យនូវគោលនយោបាយ និងផែនការ សកម្មភាពសំខាន់ៗ របស់អាស៊ាន។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អង្គការតំបន់មួយនេះដែលបានបង្កើតឡើងជាង៥០ឆ្នាំមកនេះ អាស៊ាន គឺភាគច្រើន ផ្តោតទៅលើការងារចាត់ចែងរបស់រដ្ឋាភិបាល។ ដូចនេះ គួរពិនិត្យលទ្ធភាព ក្នុងការពង្រឹង និងលើកកម្ពស់ អន្តរកម្ម រវាងអាស៊ាន និងអន្តរ សភា អាស៊ាន (AIPA) ដែលជាស្ថាប័នតំណាងឱ្យ ប្រជាពលរដ្ឋអាស៊ាន ឱ្យ កាន់តែជិទសិ្នទ្ធ កាន់តែសកម្ម និង រស់រវើកបន្ថែមទៀត។
ឯកឧត្តម កៅ គឹមហួន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតអោយឯកឧត្តម និងសហការី បានចូលជម្រាបលា និងទទួលអនុសាសន៍នាឱកាសនេះ។ ឯកឧត្តមសន្យាថា នឹងយកអនុសាសន៍ណែនាំរបស់សម្តេច ទៅអនុវត្តការងារអោយទទួលបានជោគជ័យ៕