សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបង្ហោះសារអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

តាមរយៈសារនេះសម្តេចតេជោ បានលើកឡើងថា «នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព»

សូមជម្រាបថា ដើម្បីអបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការពារជាតិ បានរៀបចំពិធីជួបជុំដ៏មហោឡារិកមួយ ស្ថិតនៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។ ពិធីអបអរសាទរថ្ងៃបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ប្រជាពលរដ្ឋសរុបជិត ៥ពាន់នាក់។

សូមបញ្ជាក់ថា កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយពេលនៃការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។

ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ ដូច្នេះនយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព៕