លោកជំទាវ ម៉ែន សំអន អំពាវនាវឱ្យរួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់បក្សប្រជាជន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង អំពាវនាវឱ្យសមាជិក-សមាជិក មន្ត្រីគ្រប់ជាន់ថ្នាក់ រួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់បក្សប្រជាជន ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

ការថ្លែងបែបនេះរបស់លោកជំទាវ ម៉ែន សំអន ក្នុងឱកាសប្រជុំបូកសរុបការងាររបស់ក្រុមការងារគណបក្សខេត្តស្វាយរៀងប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានកោតសរសើរ និងវាយយតម្លៃខ្ពស់ចំពោះប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានគណបក្សខេត្ត សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ទោះបីជាក្នុងដំណាក់កាលកូវីដ១៩ ក៏គ្រប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ជូនខេត្តស្វាយរៀងគួរជាទីមោទនៈ។

លោកជំទាវបានបន្តទៀតថា ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងគណបក្សគ្រប់ថ្នាក់ត្រូវបន្តសហការរួមគ្នាប្រើប្រាស់ឱ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យាបាយសរុបក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចលេខ៖ ៣៣៣/០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងផែនការសកម្មភាពលេខ០០១/២២ ផក.គខ របស់គណៈអចិន្ត្រៃយ៍គណបក្សខេត្តស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

លោកជំទាវក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕