ប្រធានក្រុមការងារយុវជនបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាល ប្រគល់ថវិកាដល់យុវជនបក្សក្នុងរចនាសម្ព័ន្ធស្រុកអូររាំងឪ


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងផ្តល់ថវិកាដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកអូរាំងឪ នៅស្នាក់ការគណបក្សរុកអូររាំងឪ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់យុវជននៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ។

ឯកឧត្តមបណ្ឌិតបានបន្តថា សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវគោរពតាមគោលនយោបាយរបស់គណបក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របសម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំងថវិកា ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ក្នុងស្រុកអូររាំងឪត្រូវពង្រឹង និងខិតខំអនុវត្តនូវរចនាសម្ព័ន្ធដឹកនាំការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺរក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ៕