ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាខ្មែរ បើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឲ្យអ្នកណាមកចាំជំនួសយើង?


នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី៤៤ ទិវាជ័យជំនះ ៧មករា ដោយមានការចូលរួមីសំណាក់ ឯកឧត្តម លី សុន ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រី ក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកានៃអង្គមីទ្ទិញសរុបប្រមាណ៦៩៩នាក់ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងអង្គពិធីដ៏មានអត្ថន័យនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចពីភាពសោកសៅរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងផ្សាភ្ជាប់ពាក្យមួយឃ្លាថា «ក្នុងនាមជាខ្មែរបើយើងមិនចងចាំនូវប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ តើឱ្យអ្នកណាមកចាំជំនួសយើង»។ ក្នុងន័យនេះ លោកចង់បង្ហាញឲ្យកូនចៅជំនាន់ក្រោយ ចងចាំនូវប្រវត្តិសាស្រ្តដ៏ជូចត់របស់កម្ពុជា ដែលធ្លាប់បានឆ្លងកាត់ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្តមបានគូសបញ្ជាក់ថា កូនចៅជំនាន់ក្រោយត្រូវតែចងចាំមិនអាចបំភ្លេចបាននូវសោកនាដកម្មរបស់កម្ពុជា បាននោះទេ បើទោះបីជាក្មេងៗជំនាន់ក្រោយអាចកើតមិនទាន់ និងមិនបានឆ្លងកាត់នូវរបបដ៏សាហាវយង់ឃ្នងមួយនេះ ប៉ុន្តែសូមចងចាំជានិច្ចនូវការតស៊ូ លះបង់របស់អតីតយុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិតរបស់ខ្លួន ដើម្បីស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរម្យនារបស់ប្រជាជនកម្ពុជាមកទល់ពេលបច្ចុប្បន្ន។

គួបញ្ជាក់ថា អង្គមីទ្ទិញនេះត្រូវបានប្រារព្ធឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារីនៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយដែលបានបូជារសាច់ស្រស់ ឈាមស្រស់រហូតពលីអាយុជីវិតក្នុងការប្រយុទ្ធ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរណ្ដៅរមរណៈ នៃរបបសាហាវមួយនេះ។

យ៉ាងណាមិញ ការឆ្លងកាត់រយៈពេល ៤៤ឆ្នាំបានបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីអត្ថន័យផ្ដើមចេញពីជ័យជម្នះ ៧មករា ប្រទេសកម្ពុជាបានឈានទៅមុខឥតឈប់ឈរតាមទិសដៅត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា៕