លោកជំទាវ ឱ វណ្ណឌីន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៦ និងអំពាវនាវពលរដ្ឋបន្ដមកចាក់ ដោយកុំមានការរើសអើងប្រភេទវ៉ាក់សាំង


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញទី៦ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ទីតាំងដែលលោកជំទាវ ឱ វណ្ឌឌីន ដឹកនាំក្រុមការងារគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុះទៅពិនិត្យនេះ គឺនៅទីតាំងព្រឹទ្ធសភា និងមន្ទីរពេទ្យបង្អែកដង្កោ។ ទីតាំងទាំងពីរនេះ ក្រៅពីការអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៦ហើយនោះ ក៏មានមន្ដ្រីរាជការ និងប្រជាពលរដ្ឋទូទៅមកចាក់វ៉ាក់សាំងដូសផ្សេងៗ នៅពេលដែលខ្លួនដល់ថេរវេលាកំណត់ ក្នុងនោះមាន ដូសទី៤ និងដូសទី៥ ជាដើម។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវជាទីបំផុត ដោយសារយើងម្នាក់ៗច្បាស់ជាបានដឹងហើយថា ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលម្នាក់ៗ ក្រោយទទួលវ៉ាក់សាំងដូសទី៣ ទី៤ និងទី៥ នៅពេលគម្លាតនៃការទទួលយកឆ្ងាយពេក ហើយមិនបានមកចាក់បន្ដទៀតនេះ ធ្វើឲ្យបុគ្គលម្នាក់ៗបាត់បង់ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គល។ ក្នុងករណីភាពស៉ាំ ចុះខ្សោយ អាចក្លាយជាបុគ្គលដែលមានហានិភ័យខ្ពស់។

ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានអះអាងថា បច្ចុប្បន្នវីរុសកូវីដ១៩ បានបម្លែងខ្លួនជាបន្ដបន្ទាប់ ក៏ប៉ុន្ដែវ៉ាក់សាំងនៅតែជាឧបករណ៍ដែលមានសារៈសំខាន់ជួយការពារសរីរាង្គរបស់បុគ្គល អំពីការវាយលុកនៃពពួកវីរុសកូវីដ១៩ ពិសេសអូមីក្រុងដែលបម្លែងថ្មីនេះតែម្ដង។ ដូច្នេះបានជាគ្រប់បណ្ដាប្រទេសទាំងអស់ យកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញតែម្ដង។

លោកជំទាវ ឱ វណ្ណឌីន លើកឡើងទៀតថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងតែបោះជំហ៊ានទៅរកអ្វីដែលរក្សាបាននូវភាពស៉ាំរបស់បុគ្គល និងសហគមន៍ ក្នុងករណីភាពស៉ាំធ្លាក់ចុះអស់ ដូច្នេះភាពស៉ាំសហគមន៍នឹងចុះខ្សោយ ឬអត់មានតែម្ដង ដូច្នេះវីរុសងាយនឹងលុកលុយធ្វើទុកក្នុងសរីរាង្គកាយរបស់បុគ្គល។

បើតាមលោកជំទាវ ឱ វណ្ណឌីន, ថ្ងៃនេះជាការចាប់ផ្ដើមនូវការផ្ដល់ដូសជំរុញទី៦ សម្រាប់អ្នកដែលបានចាក់ដូសទី៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារីផងដែរ។ លោកស្រីបន្ដថា ដំណើរការចាក់វ៉ាក់សាំងដូសទី៦ និងដូសជំរុញផ្សេងៗទៀតនោះ គឺធ្វើឡើងនៅក្របខ័ណ្ឌទូទាំងប្រទេស មិនធ្វើនៅតែរាជធានីភ្នំពេញនោះទេ។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំ និងតាមសេចក្ដីជូនព័ត៌មានដែលបានចេញផ្សាយជាបន្ដបន្ទាប់។ លោកស្រីគូសបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដូចៗគ្នា ដូច្នេះប្រជាពលរដ្ឋអញ្ជើញចាក់នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។

ជាថ្មីម្ដងទៀត មន្ដ្រីជំនាញសុខាភិបាលរូបនេះ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំមានការរើសអើងប្រភេទវ៉ាក់សាំង ព្រោះឆ្លងកាត់ការពិសោធន៍ ហើយអង្គការសុខភាពពិភពលោកក៏បានលើកឡើងជាបន្ដបន្ទាប់មកហើយថា ការចាក់វ៉ាក់សាំងចម្រុះ ឬខ្វែង នឹងផ្ដល់លទ្ធភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលបានខ្ពស់ ហើយខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយទៀតផង។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារសំឡេង បានណែនាំឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ជូនអ្នកដែលដល់វេលាកំណត់ ដើម្បីបង្កើនភាពស៉ាំសហគមន៍៕