ឯកឧត្តម គង់ វិបុល៖ ប្រជាជនកម្ពុជាគ្រប់រូបប្រសិទ្ធនាមថា «៧ មករា ជាថ្ងៃកំណើតទី២, បើគ្មានជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ» !


ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីងរំលឹកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានប្រារព្ធនៅស្រុកល្វាឯម។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា ៧ មករា ឆ្នាំ២០២៣ គឺជាខួបលើកទី ៤៤ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ និងជាថ្ងៃរំលឹកពីការជួយសង្រ្គោះជាតិខ្មែរ ឱ្យរស់រានមានជីវិតទ្បើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា និងរបស់មនុស្សជាតិ។ ហេតុនេះ ទើបថ្ងៃ ៧ មករា ក៏ត្រូវបានប្រសិទ្ធនាមក្នុងការចងចាំ របស់ប្រជាជនកម្ពុជាគ្រប់រូបថា «៧ មករា ជាថ្ងៃកំណើតទី២» និង «បើគ្មានជ័យជម្នះ ៧មករា ក៏គ្មានអ្វីៗនៅថ្ងៃនេះដែរ»។

ឯកឧត្តមបន្តថា ការប្រារព្ធពិធីនេះទ្បើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់ វីរយុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងទ្បាយ និងវីរយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា និងពលិកម្មអាយុជីវិតក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍នេះ។ ខួបនៃទិវាជ័យជម្នះ ៧ មករា នៅឆ្នាំនេះ ប្រារព្ធទ្បើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជាបានសម្រេចសមិទ្ធិផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបទ្បើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោមម្លប់នៃសន្តិភាព ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាប្រកបដោយក្តីសង្ឃឹម ហើយខិតខំអភិវឌ្ឍមាតុភូមិ និងជីវភាពរបស់ខ្លួន។ តែទោះជាយ៉ាងណា សេចក្តីឈឺចាប់ក្នុងរយៈពេល ៩ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ ១៩៧៩ នៅតែដក់ជាប់ក្នុងមនសិការរបស់ខ្មែរគ្រប់រូប។ យើងចងចាំថា រដ្ឋប្រហារថ្ងៃទី ១៨ មីនា ឆ្នាំ១៩៧០ របស់ ពួក លន់ នល់ បាននាំប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ទៅ។ បន្ទាប់មក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្ពុជាបានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលពួកឃាតករ ប៉ុល ពត បង្កទ្បើង។

ឯកឧត្តមបន្តថា ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំងអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់របស់ ប៉ុល ពត បានក្រោកឈរតស៊ូប្រឆាំងនឹងរបបព្រៃផ្សៃនេះ ប្រកបដោយវីរភាពបំផុត។ នៅលើមាគ៌ាឆ្ពោះទៅរកការផ្តួលរលំរបប ប៉ុល ពត មានព្រឹត្តការណ៍ធំៗជាប្រវត្តិសាស្រ្តមួយចំនួន ដែលមានអត្ថន័យជ្រាលជ្រៅបំផុត ចំពោះដំណើរការសង្គ្រោះជាតិ រួមមាន៖

១៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ និងយុទ្ធមិត្ត បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ

២៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតទ្បើងដែលដឹកនាំដោយ សម្តេចតេជោ

៣៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកប្រឆាំងនឹងរបបប៉ុលពត ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម និងមានចលនាតស៊ូនៅតាមតំបន់មួយចំនួនទៀតចាប់ផ្តើមមានចលនា

៤៖ ផ្តើមចេញពីចលនាខាងលើ បានផ្តល់ឱកាសក្នុងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់តំណាងឱ្យឆន្ទៈប្រជាជន

៥៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការឧបត្ថម្ភធំធេង ទាន់ពេល និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្ត វៀតណាម បានវាយរបបប្រល័យពូជសាសន៍ឱ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តម គង់ វិបុល បន្តថា «ជ័យជម្នះ ៧ មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹត និងបើកសករាជថ្មីរបស់កម្ពុជាដោយនាំមកនូវ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ព្រមទាំងផ្តល់នូវអ្វីៗដែលប្រជាជនកម្ពុជាបាត់បង់មកវិញ ជាពិសេស សិទ្ធិរស់រានមានជីវិត។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ។ គឺមានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»

អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងកម្លាំងមហាសាមគ្គីជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រម្រុខ បាននាំប្រទេសជាតិ ឱ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត ជាបន្តបន្ទាប់រហូតអាចពង្រឹងពង្រីកខ្លួនបាន និងបន្តដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។ នៅលើមាគ៌ានេះ កម្ពុជា បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃតាមរយៈនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។

កម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗទៀត លើមាគ៌ានៃការអភិវឌ្ឍរបស់សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។ ពាក្យស្លោក «អរគុណសន្តិភាព អរគុណ នយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និង វិធានការដ៏មុតស្រួចនានា ប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹងខឿនការពារសុខភាព របស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ រួមជាមួយវិធានការ និងការយកចិត្តទុកដាក់សំខាន់ៗ ដែលរាជរដ្ឋាភិបាលផ្តល់ជូនជាបន្តបន្ទាប់។

ឯកឧត្តម គង់ វិបុល បានថ្លែងផងដែរថា នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្ថិការណ៍ជាប្រវត្តិសាស្ត្រមួយ មានអត្ថន័យយ៉ាងធំធេងចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា ដោយលោកបានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ អង្គមិទ្ទីងបានប្រកាសយ៉ាងឱឡារិកគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេន៕