ប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច អភិបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ខេត្តសៀមរាប


ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងផ្ទេរភារកិច្ច អភិបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំខេត្តសៀមរាប។

លោក រិន ឡូត អភិបាលរងស្រុកក្រឡាញ់ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ ជាអភិបាលស្រុកបន្ទាយស្រី ជំនួសលោក ឃឹម ហ្វីណង់ ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងខេត្តសៀមរាប និងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ឋានន្តរស័ក្តិវរៈមន្តី្រថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកអង្គរធំ ជំនួសលោក ឡុង រដ្ឋារក្ស ដែលត្រូវបានគ្រប់អាណត្តិរបស់ខ្លួន បានផ្ទេរភារកិច្ចថ្មីទៅបម្រើការនៅសាលាខេត្តសៀមរាប។ ពិធីប្រកាស និងផ្ទេរភារកិច្ចនេះ បានប្រព្រឹត្តទៅនៅស្រុកផ្សេងគ្នាផងដែរ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកទាំងពីរ ដែលទើបទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម ទៀ សីហា បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមក។ ម៉្យាងទៀតស្រុកទាំងពីរ ក៏មានសក្តានុពល ក្នុងវិស័យកសិកម្ម ទេសចរណ៍ទៀតផងដែរ។

ឯកឧត្តម ទៀ សីហា បានបន្តថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមក ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផល ជាច្រើនគួរជាទីមោទនភាព។ ចំពោះការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះដែរ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ឯកឧត្តម ទៀ សីហា ក៏បានស្នើដល់លោកអភិបាលស្រុកទាំងពីរដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួន គឺត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរ ត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំឲ្យមានភាពធន់ទៅនឹងវិបត្តការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ គឺត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល និងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវអនុសាសន៍៨ចំណុចសម្រាប់រដ្ឋបាលស្រុកទាំងពីរ បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលស្រុកទើបតែងតាំងត្រូវអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរផងដែរ៕