មន្រ្តីជាន់ខ្ពស់សង្គមកិច្ច៖ មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នឹងសាងសង់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣


ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មជ្ឈមណ្ឌលសំចត ប៉ោយប៉ែតនេះចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្រេចបានលទ្ធផលចំនួន ៣៣.១៨ភាគរយ ហើយគម្រោងទាំងមូល នឹងបញ្ចប់រួចរាល់នៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ដែលចំណាយជាង ២.៣ លានដុល្លារ។

ឯកឧត្តមបានបន្ថែមថា ភាគីថៃបានទទួលយកសំណើរបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជា សម្រាប់បម្រើការងារបណ្ដុះបណ្ដាល នៅក្នុងមជ្ឈមណ្ឌលនេះរយៈពេល៦ខែ គឺចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

ការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងខណៈឯកឧត្តម និងគណៈប្រតិភូថៃ ចុះពិនិត្យមើលគម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ដំណើរចុះត្រួតពិនិត្យនេះអមដំណើរដោយអនុរដ្ឋលេខាធិការ ទីប្រឹក្សា ប្រធាននាយកដ្ឋានកាំពារជនរងគ្រោះ លោកស្រីប្រធានមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងលោកអនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ហើយមានការចូលរួមពីអភិបាល ក្រុងប៉ោយប៉ែត និងអភិបាលរងខេត្តបន្ទាយមានជ័យផងដែរ។

រីឯគណៈប្រតិភូថៃ ដឹកនាំដោយអគ្គរាជទូតថៃប្រចាំកម្ពុជា អមដំណើរដោយលេខាទូតទី១ មន្ត្រីបច្ចេកទេសពាក់ព័ន្ធ តំណាងក្រុមសាងសង់ថៃ បានសហការរួមគ្នាចុះត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីសម្រួលដល់ពលករចំណាកស្រុកស្នាក់នៅប្រកបដោយផាសុខភាពនិងសុវត្ថិភាព បណ្តុះបណ្តាលជំនាញវិជ្ជាជីវ:បន្ថែមទៀតពិសេសបង្កើនកិច្ចការពារទប់ស្កាត់ ជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះរួមចំណែក ជួយដល់ជនរងគ្រោះ មានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។

បន្ថែមពីលើនេះឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់ អគ្គរាជទូតថៃ ដែលបានជំរុញក្នុងការសាងសង់មណ្ឌលនេះ និងបានចូលរួមពិនិត្យលទ្ធផលការងារសាងសង់ ហើយសង្ឃឹមថានៅពេលដែលមជ្ឈមណ្ឌល សាងសង់រួច និងបានបម្រើផលប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស៕