ឯកឧត្តម ប៉ាន សូរស័ក្តិ ត្រូវបានកាកបាទក្រហមកម្ពុជា តែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានកាកបាទក្រហមកម្ពុជា ផ្តល់ជំនឿទុកចិត្ត តែងតាំងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។

ការតែងតាំងនេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន-អនុប្រធានកិត្តិយសសាខា ខេត្តកំពង់ចាម អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា ជាភ្ញៀវកិត្តិយស និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្របានសម្ដែងក្ដីរំភើបរីករាយ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជំនឿទុកចិត្ត និងបានតែងតាំងរូបឯកឧត្តម ឱ្យទទួលមុខតំណែងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥នេះ។

ជាការឆ្លើយតបទៅនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តមប្រធានកិត្តិយស បានសន្យាថា នឹងខិតខំរៀនសូត្រយកតម្រាប់តាមគំរូស្នាដៃដ៏ប្រពៃរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង តាមរយៈការខិតខំកៀរគររកមូលនិធិ ថវិកាពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីជួយបន្តនិរន្តរភាពទ្រទ្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម តាមគ្រប់លទ្ធភាព ធានាឱ្យសាខាម្ចាស់ការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការចូលរួមពង្រឹង សមត្ថភាព របស់កាកបាទក្រហមកម្ពុជា ដូចពាក្យស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់ គ្រប់ៗគ្នា»។

ជាមួយគ្នានេះ ឯកឧត្តមប្រធានកិត្តិយស ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់គណៈកម្មាធិការ សាខា អាណត្តិទី៥ ដែលមានក្រុមប្រតិបត្តិសាខា ជាសេនាធិការ តាមរយៈរបាយការណ៍របស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានបង្ហាញយ៉ាងច្បាស់ហើយថា រយៈពេល ៣ឆ្នាំ ក្នុងអាណត្តិទី៥ កន្លងទៅនេះ សាខាបានពង្រឹងនូវភាពម្ចាស់ការ ក្នុងប្រតិបត្តិការផ្តល់សេវាកម្មមនុស្សធម៌ ដោយបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋ រួមចំណែកធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

បន្ថែមពីនេះ ឯកឧត្តមប្រធានកិត្តិយស ក៏បានសម្តែងការគោរពដឹងគុណយ៉ាងជ្រាល ជ្រៅបំផុត និងគោរពកោតស្ញប់ស្ញែង ចំពោះវីរភាពស្នាដៃដ៏ធំធេងរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតប្រធានកិត្តិយសសាខា ដែលរយៈកាលកន្លងមក សម្តេច បានខិតខំស្តារនូវកិត្តិយសសាខា រួមទាំងប្រឹងប្រែងកៀរគររកមូលនិធិបានយ៉ាងច្រើនពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅគ្រប់អាណត្តិ មានលទ្ធភាពម្ចាស់ការក្នុងការដោះស្រាយជួយជនរងគ្រោះ និងងាយរងគ្រោះដោយមហន្តរាយ និងប្រការផ្សេងៗ បានទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព៕