(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កម្លាំងនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ដែលបានបំពេញការងារនាពេលកន្លងមក ប្រកដោយជោគជ័យ ពិសេសក្នុងការការពារសន្ដិ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយ នាយរងនគរបាល នៃនាយកដ្ឋានអង្គរក្សជាង៣០០នាក់។
ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង គូសបញ្ជាក់ថា ការទទួលបានជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ដ្រ ក្នុងផែនការការពារនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១, មហាសន្និបាតអាយប៉ា លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងឋានៈកម្ពុជាជាប្រធាន បានធ្វើឲ្យនាយកដ្ឋានអង្គរក្ស ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងពីស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបន្ថែមថា ជាមួយនឹងជោគជ័យនេះ នាយកដ្ឋានអង្គរក្សក៏មានការទទួលស្គាល់អំពីសមត្ថភាព និងបទពិសោធន៍នៅក្នុងកិច្ចការការងារការពារ សុវត្ថិភាព ពីបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្ដរជាតិ ដែលមកចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំនាយកដ្ឋានអង្គរក្សទាំងអស់ ដែលរួមសហការគ្នាល្អ និងចែករំលែកនូវបទពិសោធន៍ល្អៗ ដើម្បីឲ្យនាយកដ្ឋានកាន់តែរីកចម្រើន។
ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង លើកឡើងទៀតថា កម្លាំងរបស់នាយកដ្ឋានអង្គរក្សបានចូលរួមយ៉ាងសកម្មក្នុងការការពាររាល់កម្មវិធីបុណ្យជាតិ និងព្រឹត្តិការណ៍នានា ដែលប្រារព្ធពិធីនៅទូទាំងប្រទេស ហើយកន្លងមកនាយកដ្ឋានអង្គរក្ស ក៏បានបញ្ជូនកងកម្លាំងអង្គរក្សទៅការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ពេលទៅបំពេញការងារនៅក្រៅប្រទេសផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង ក៏បានណែនាំដល់នាយ នាយរងនគរបាលទាំងអស់ ដែលទើបទទួលបានមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដនៅថ្ងៃនេះ ត្រូវមានភាពស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរាស្ដ្រ។
បន្ថែមពីនេះ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ និងលក្ខន្ដិកៈដោយឡែក នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ហើយសូមបន្ដខិតខំក្នុងការចូលរួមចំណែកបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ពិសេសត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយកិត្យានុភាព និងឧត្តមភាពរបស់នាយកដ្ឋានអង្គរក្ស និងកម្លាំងនគរបាលជាតិកម្ពុជា៕