រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប


(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំនេះ បានលើកយករបៀបវារៈចំនួន៥មកពិនិត្យ ពិភាក្សា និងអនុម័ត។

កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធេអប្សារា និងលោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តចូលរួមផងដែរ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖

១៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤
២៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប
៣៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។

៤៖ ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងថវិកាគម្រោងកិច្ចការពារកុមារ២០២៣-២០២៥ របស់រដ្ឋបាលខេត្តសៀមរាប
៥៖ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចស្តីពីការបែងចែក តួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។ ក្នុងនោះនេះដែរ ក៏បានផ្ដោតទៅលើបញ្ហាមួយចំនួនដូចជាបញ្ហា ការចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ អនាម័យ បរិស្ថាន ការអនុវត្តនូវច្បាប់ចរាចរណ៍ បញ្ហាផ្លូវក្នុងតំបន់អប្សារាមានការខូចខាតពុំទាន់មានការជួសជុស។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការបកស្រាយបំភ្លឺ និងព្រមទាំងបានអនុញ្ញាតជូនលោក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំផងដែរ។ ក្រោយពីការបំភ្លឺរបស់មន្ទីរ អង្គភាពរួចមក ឯកឧត្តម ទៀ សីហា ក៏បានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ការលើកឡើងក្នុងអង្គប្រជុំនាពេលនេះផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឱ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក្ខ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម អ៊ាន ឃុន ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ។

ជាមួយគ្នានេះដែរ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តសៀមរាបដែលបានខិតខំអភិវឌ្ឍន៍ខេត្តឱ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងរីកចម្រើន ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិផងដែរ៕