លោកជំទាវ ឱ វណ្ណឌីន រំលឹកប្រជាពលរដ្ឋមិនត្រូវភ្លេច ឬពន្យាពេលយូរពេកក្នុងការទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដើម្បីពង្រឹងប្រព័ន្ធការពារ ខណៈកូវីដ១៩បំប្លែងខ្លួនជាបន្ដបន្ទាប់


(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្តព្រះសីហនុ ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួន ឬពន្យាពេលយូរពេក ក្នុងការទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនោះទេ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅសាលាមត្ដេយ្យក្រុងព្រះសីហនុ និងពន្ធនាគារខេត្តព្រះសីហនុ លោកជំទាវ  ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការពន្យាពេលយូរពេក ដោយខ្លះរហូតដល់៨ខែ ទៅ១ឆ្នាំ អាចនឹងធ្វើឲ្យកងការពារនៅក្នុងខ្លួនរបស់បុគ្គលម្នាក់ៗ មានការថយចុះ ហើយងាយប្រឈមជាមួយនឹងការវាយលុកនៃជំងឺកូវីដ១៩។

បើតាមលោកជំទាវ ឱ វណ្ណឌីន បច្ចុប្បន្ននេះវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានបន្ដបំប្លែងខ្លួនជាបន្ដបន្ទាប់ ទៅជា XBB, XBB 1.5 ដូច្នេះការសម្រេចដ៏ត្រឹមត្រូវបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសជំរុញទី៥ ទី៦ នេះធ្វើយ៉ាងណាឲ្យមានដំណើរការលឿន និងដើម្បីធ្វើឲ្យប្រព័ន្ធការពាររបស់បុគ្គលមានភាពរឹងមាំល្អ។

ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានមើលឃើញថា ក្នុងករណីរយៈពេលប្រជាពលរដ្ឋចាក់ដូសចុងក្រោយ មានគម្លាតយូរពេករហូតដល់៨ខែ ឬមួយឆ្នាំ ដូច្នេះកងការពារមានការធ្លាក់ចុះស្ទើរទាំងស្រុងទៅហើយ ប្រសិនបើធ្លាក់ដល់ចំណុចសូន្យនឹងមានហានិភ័យខ្ពស់ណាស់សម្រាប់បុគ្គល ក្នុងការវាយលុកពីជំងឺកូវីដ១៩ ពិសេសពពួក XBB XBB 1.5 ដែលអាចនឹងផ្ដល់លំហរមួយទៀត ដែលធ្វើឲ្យមានការផ្ទុះចេញសារជាថ្មី នូវការចម្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំភ្លេចឲ្យសោះ កាលណាយើងភ្លេចខ្លួនទុកឲ្យថេរវេលាយូរពេក មានន័យថា យើងខំចាក់ពីមុនមកនឹងក្លាយទៅជាអសារបង់ហើយ អញ្ចឹងត្រូវថែម ដើម្បីឲ្យសរីរាង្គរបស់យើងរក្សាបាននូវភាពស៉ាំរបស់ខ្លួន ហើយចូលរួមចំណែកបន្ដរក្សាបានភាពស៉ាំក្នុងសហគមន៍ និងដើម្បីចូលរួមចំណែកឲ្យមាននិរន្ដរ៍ដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចគ្រួសារមានកំណើនឡើង ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិយើងផងដែរ»។

ក្នុងន័យនេះ លោកជំទាវ ឱ វណ្ណឌីន បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅទទួលការនូវការចាក់វ៉ាក់សាំងកូវីដ១៩ ទៅតាមការចាត់ចែងរៀបចំរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានរៀបចំកម្មវិធីច្បាស់លាស់ត្រឹមត្រូវ។ លោកជំទាវ បន្ដទៀតថា ការផ្ដល់វ៉ាក់សាំងនេះ គឺផ្ដល់ឡើយដូចៗគ្នាដោយគ្មានការប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ពោលឲ្យតែជាបុគ្គលរស់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះរួមទាំងជនជាប់ឃុំផងដែរ។

ជាក់ស្ដែង នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ អ្នកជាប់ឃុំទាំងអស់សុទ្ធតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមវេលាកំណត់ច្បាស់លាស់ ដែលនៅពេលនេះដល់កំណត់ត្រូវចាក់ដូសទី៥។ លោកជំទាវ ឱ វណ្ណឌីន មើលឃើញថា ទាំងនេះជាចំណុចល្អប្រសើរ ស្របពេលដែលវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី XBB មិនទាន់មានឆ្លងមកដល់ប្រទេសកម្ពុជាយើងនៅឡើយ ហើយយើងបានបង្កើននូវកងការពារទុកជាមុន។

លោកជំទាវ ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើយើងបំពេញបន្ថែមនូវវ៉ាក់សាំងកូវីដ១៩ ជាដូសជំរុញទី៣ ទី៤ ទី៥ ទី៦ក្ដី នឹងជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ជួយទប់ស្កាត់បានទាន់ពេលវេលានូវការកើតឡើងជាយថាហេតុ នូវការឆ្លងរីករាលដាលវីរុសកូវីដ១៩បំប្លែងថ្មី នៅក្នុងសហគមន៍របស់ប្រទេសកម្ពុជាយើង»

ជាថ្មីម្ដងទៀត មន្ដ្រីជំនាញសុខាភិបាលរូបនេះ នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការរើងអើងប្រភេទវ៉ាក់សាំង ព្រោះវ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺសុទ្ធតែស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក ហើយអង្គការសុខភាពបានអះអាងថា វ៉ាក់សាំងទាំងអស់នេះ គឺនៅមានប្រសិទ្ធភាពក្នុងការពារនៅឡើយ ទោះតិចក្ដី ច្រើនក្ដី គ្រប់ប្រភេទនេះការបំប្លែងខ្លួនទាំងអស់៕