ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូពិភពម៉ាឡាយូពិភពឥស្លាម (DMDI)


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន DMDI ដែលមានសមាជិក២២ប្រទេស និងជាប្រធាន DMDI កម្ពុជា អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ DMDI មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិតសាស្រ្តាចារ្យ Mohd Jamil bin Mukmin អនុប្រធាន DMDI។

ជំនួបនេះធ្វើឡើង នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅការិយាល័យផ្ទាល់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ នៅរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីពិភាក្សាលម្អិតលើគម្រោងរៀបចំមហាសន្និបាត DMDI ដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ នាដេីមឆ្នាំនេះ។

តាមគម្រោងមហាសន្និបាតនេះ នឹងអញ្ជេីញថ្នាក់នឹកនាំប្រទេសជាអធិបតី និងគណៈអធិបតីក្នុងកម្មវិធីបេីក និងបិទ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នឹងត្រៀមទទួលបដិសណ្ឋារកិច្ចភ្ញៀវបរទេស ដែលនឹងអញ្ជេីញចូលរួម មហាសន្និបាតនេះប្រមាណ ១៥០នាក់។

សូមជម្រាបថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាព ក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក។ នៅឆ្នាំ២០១២ DMDI ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួន នៅកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាប្រធាន។

តាមរយៈ DMDI កម្ពុជាទទួលបានអាហារូបករណ៍សិស្ស និស្សិតបន្តការសិក្សា នៅតាមសាកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាសាងសង់វិហារ សាលារៀន រៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ផ្តល់ជំនួយដល់កុមារកំព្រា កម្មវិធីស្រាយបួស គម្ពីរអាល់គួរអាន និងជំនួយគ្រោះធម្មជាតិជាដើម។

សមាជិក DMDI មាន២២ប្រទេស ក្នុងនោះរួមមាន កម្ពុជា ថៃ សឹង្ហបុរី ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី អារ៉ាប៊ីសាអ៊ូឌីត ប្រ៊ុយណេ ហ្វីលីពីន ទីម័រខាងកើត អង់គ្លេស ម៉ាដាហ្គាស្ការ អូស្ត្រាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ហូឡង់ ម៉ាល់ឌីវ បង់ក្លាដែស កាណាដា បូស្នៀហឺហ្សេហ្គោវីណា នូវែលសេឡង់ និងស្រីលង្កា៕