អ្នកឧកញ៉ា គិត ម៉េង ជំរុញនិងលើកទឹកចិត្ដធុរជនតួកគី ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា


(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានសហការជាមួយក្រសួងពាណិជ្ជកម្មនៃកម្ពុជា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី និង គណៈកម្មាការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី រៀបចំកិច្ចពិភាក្សាធុរកិច្ច កម្ពុជា-តួកគី។

កិច្ចពិភាក្សានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ វ៉ាហ៊ីត គីរីហ្ស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី និងមានការអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមានដូចជា ទេសចរណ៍ កាត់ដេរសម្លៀកបំពាក់ សំណង់ វេជ្ជសាស្ត្រ ម្ហូបអាហារ និងយានយន្ត។

ថ្លែងក្នុងឱកាសនៃកិច្ចពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចមកកាន់កម្ពុជា របស់គណៈប្រតិភូតួកគី ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ វ៉ាហ៊ីត គីរីហ្ស៊ី និងបានគូសបញ្ជាក់ពីទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ ដែលមានចំណងកាទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៥៩។

អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជនប្រទេសទាំងពីរ ក្នុងការចូលរួមជំរុញពាណិជ្ជកម្ម និងវិនិយោគប្រទេសទាំងពីរ រួមមានការរៀបចំវេទិកាធុរកិច្ច ទស្សនកិច្ចធុរកិច្ច និង ការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជាតួកគី ដែលមានតួនាទីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងឧស្សាហកម្ម ក៏ដូចជាតភ្ជាប់រវាងធុរជនប្រទេសទាំងពីរ។

អ្នកឧកញ៉ាប្រធាន បានជំរុញ និងលើកទឹកចិត្តធុរជនតួកគី ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា និងបានជម្រាប គណៈប្រតិភូអំពីកាលានុវត្តភាព និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា ព្រមទាំងទីផ្សារដ៏ទូលាយ សម្រាប់ផលិតផលកម្ពុជា ដែលអាចនាំចេញទៅកាន់ទីផ្សារពិភពលោក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។

អ្នកឧកញ៉ាប្រធាន ស្នើឲ្យមានការហោះហើរត្រង់ទៅមកកម្ពុជា-តួកគី កិច្ចប្រជុំជាទៀងទាត់មួយឆ្នាំម្តង រវាងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-តួកគី និងការរៀបចំវេទិកាធុរកិច្ចពីរដងក្នុងមួយឆ្នាំ។

កិច្ចពិភាក្សាធុរកិច្ច បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ដែលក្នុងនោះ ធុរជន និងវិនិយោគិនប្រទេសទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ធុរកិច្ច កាលានុវត្តភាព បច្ចុប្បន្នភាពគោលនយោបាយ និងពិភាក្សាលើវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការរួម៕