សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សមាជិកអាស៊ានទាំងអស់ នឹងទទួលយកម៉ាល់ឌីវ ជាដៃគូថ្មី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់ នឹងទទួលយកប្រទេសម៉ាល់ឌីវ ធ្វើជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍។

ការបង្ហាញក្តីសង្ឃឹមនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធីបតីម៉ាល់ឌីវ បន្ទាប់ពីមេដឹកនាំទាំងពីរ ជួបពិភាក្សាទ្វេភាគី ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ម៉ាល់ឌីវ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

នៅក្នុងសន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងជំនួបពិភាក្សាទ្វេភាគី មេដឹកនាំទាំងពីរបានលើកឡើងអំពីបញ្ហាអន្តរជាតិ ហើយប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមក ដោយក្នុងនោះកម្ពុជាគាំទ្រម៉ាល់ឌីវឱ្យក្លាយទៅជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍ នៅក្នុងក្របខណ្ឌអាស៊ាន ខណៈដែលបញ្ហានេះកំពុងស្ថិតនៅដំណាក់កាលនៃការពិភាក្សា នៅផ្ទៃក្នុងរបស់អាស៊ាន។

សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ «សង្ឃឹមថា បណ្តាប្រទេសអាស៊ានដទៃទៀត នឹងទទួលយកនូវដៃគូ (ម៉ាល់ឌូវ) ដែលគ្មានហេតុផលណាដែលត្រូវជំទាស់នោះទេ យើងទាញបណ្តាប្រទេសឆ្ងាយៗ នៅទ្វីបដទៃមកចូលរួមជាដៃគូរបស់យើង ហើយយើងក៏នៅជិតខាងគ្នានៅតំបន់នេះ»

ជាមួយនឹងការបង្ហាញក្តីសង្ឃឹមនេះ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ម៉ាល់ឌីវនាពេលនេះ គឺជាការបើកផ្លូវសម្រាប់ទំនាក់ទំនងរវាងម៉ាលឌីវ និងអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ម៉ាល់ឌីវ ដែលចង់ឱ្យកម្ពុជាក្លាយទៅជាសមាជិក OIC ដោយធ្វើជាអ្នកសង្កេតការណ៍ ហើយសម្តេចតេជោសង្ឃឹមថា កម្ពុជានឹងក្លាយទៅជាតួអង្គដ៏សំខាន់នៃការធ្វើសុខដុមនីយកម្មជាតិសាស្ត្រ និងសាសនា​នៅកម្ពុជា។

សម្តេចតេជោ សង្ឃឹមដែរថា ម៉ាល់ឌីវ នឹងបន្តគាំទ្រកម្ពុជា ក្នុងការធ្វើជាអ្នកសង្កេតការណ៍នៃអង្គការ OIC តែម្តង៕