សម្តេចតេជោ ហ៊ុន សែន កោតសរសើរការកសាងតំបន់មហាសាគរម៉ាល់ឌីវ ឲ្យក្លាយជាសមុទ្រដ៏ទាក់ទាញ និងចងភ្ជាប់គោលដៅទេសចរណ៍រួម រវាងប្រាង្គប្រាសាទកម្ពុជា និងសមុទ្រម៉ាល់ឌីវ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងកោតសសើរនៅមុខប្រធានាធិបតិម៉ាល់ឌីវ ចំពោះការកសាងតំបន់ មហាសាគរម៉ាល់ឌីវ ឲ្យក្លាយជាសមុទ្រដ៏ទាក់ទាញ។

ការថ្លែងកោតសសើរ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ម៉ាល់ឌីវជាចំណុចដែលគួរនិយាយបានថា ជាភាពអស្ចារ្យក្នុងមហាសាគរ​ របស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ ដែលគួរឲ្យទាក់ទាញបំផុត។

សម្ដេចតេជោបន្ដថា «ខ្ញុំអាចនិយាយបានថា ខ្ញុំជាមនុស្សចុងក្រោយនៃគ្រួសាររបស់ខ្ញុំ ដែលបានមកទស្សនកិច្ចនៅម៉ាល់ឌីវនេះ ភរិយា កូន និងចៅរបស់ខ្ញុំបានមកទីនេះមុនខ្ញុំ។ ថ្ងៃម្សិលមិញ ខ្ញុំបានបង្ហោះរូបភាព លើបណ្ដាញសង្គម Facebook នៅពេលដែលខ្ញុំចុះមុជទឹក ដោយក្នុងនោះមានអ្នកដែលបានមកចូលឡាយ (Like) និងចូលមកបញ្ចេញមេតិ (Comment) មានច្រើនពេកហើយ។ ខ្ញុំគិតថាទីនេះជាទីកន្លែងដ៏ទាក់ទាញមួយ ហើយយើងមានការកោតសសើរ ជាមួយនឹងការកសាងតំបន់មហាសាគរនេះ ឲ្យក្លាយជាសមុទ្រដ៏ទាក់ទាញ»

សម្តេចតេជោបន្ថែមថា «ខ្ញុំជាមួយឯកឧត្តមប្រធានាធិបតី ផ្ដោតការយកចិត្តទុកដាក់ទៅលើ ការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ហើយប្រជានម៉ាល់ឌីវ ទៅកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដោតលើការយកចិត្តទុកដាក់ទៅលើ អ្នកដែលទស្សនកិច្ចនៅកម្ពុជាទៅលើប្រាង្គប្រាសាទនានា ប៉ុន្ដែបន្ទាប់ទៅគេអាចមកកាន់ប្រទេសម៉ាល់ឌីវ ដើម្បីមុជទឹក និងលំហែលកាយនៅមាត់សមុទ្រ ឬអ្នកមកដល់ម៉ាល់ឌីវ មុជទឹក និងលំហែលកាយនៅទីនេះ ហើយអាចបន្ដបានបើចង់ទៅមើលប្រាង្គប្រាសាទអាចធ្វើដំណើរទៅទីនោះ [ប្រទេសកម្ពុជា]»

សម្ដេចតេជោចាត់ទុកថា កត្តានៃការតភ្ជាប់តំបន់ទេសចរណ៍រវាងកម្ពុជា និងម៉ាល់ឌីវ នឹងធ្វើឲ្យប្រទេសទាំង២ ក្លាយជាកញ្ចប់ទេសចរណ៍រួម ដែលអាចប្រើប្រាស់ទិដ្ឋាការមួយ គោលដៅពីរ ដែលអាចប្រើប្រាស់បានចំនួន ២ប្រទេស ដែលបញ្ហានេះរដ្ឋាភិបាលនៃប្រទេសទាំង២ នឹងបន្តសិក្សារួមគ្នា៕