សម្តេចតេជោ ហ៊ុន សែន ព្រមា​នចាត់វិធានការច្បាប់ចំពោះ គណបក្សភ្លើងទៀន ដែលចោទគណបក្សកាន់អំណាចថា «គំរាមកំហែង» រឿងចាប់ខ្លួន លោក ថាច់ សេដ្ឋា


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានប្តឹងគណបក្សភ្លើងទៀន ដែលចេញបានសេចក្តីថ្លែងការណ៍ចោទប្រកាន់ថា គណបក្សកាន់អំណាច បានគំរាមកំហែងលើគណបក្សប្រឆាំងចំពោះការចាប់ខ្លួន លោក ថាច់ សេដ្ឋា​ អនុប្រធានគណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងករណីចេញសែកស្អុយ។

សម្តេចបានពន្យល់ថា ការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ មិនមានការពាក់ព័ន្ធនឹងនយោបាយទេ ហើយករណីនេះក៏ធ្លាប់កើតឡើងជាហូរហែរកន្លងមកចំពោះអ្នកដែលបានប្រព្រឹត្តកំហុសនេះដូចគ្នា។

ថ្លែងក្នុងពិធីចុះពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយក្រុមការងារសាងសង់ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ លើកឡើងដូច្នេះថា៖ «កុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសូមទទូចអង្វកផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ អ្នកអត់អាចចេញសេចក្តីថ្លែងការណ៍បន្ទោសថាគណបក្សកាន់អំណាចគំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង អ្នកឯងចេញសែកអត់លុយ រឿងតុលាការប្តឹង ជារឿងសមហេតុផលណាស់»

លោក ថាច់​ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ បន្ទាប់ពីឃាត់ខ្លួន នៅល្ងាចថ្ងៃដដែលនេះ តុលាការបានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា នៅក្នុងពន្ធនាគារព្រៃស។

ពាក់ព័ន្ធនឹងការចាប់ និងឃុំខ្លួននេះ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយចាត់ទុកថាជារឿងនយោបាយ ដោយទាមទារឱ្យដោះលែង លោក ថាច់ សេដ្ឋា និងបានចោទថា ជាការគំរាមកំហែង និងបំបាក់ស្មារតីក្រុមប្រឆាំង មុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមេធាវីគណបក្សប្រជាជនកម្ពុជា សិក្សាអំពីសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដើម្បីប្តឹងទៅតាមច្បាប់។ សម្តេចបញ្ជាក់ទៀតថា៖ «ឱ្យហ្អែង សុំទោស បើមិនសុំទោសប្តឹងហ្អែងទៀត ខ្ញុំបានប្រាប់ទៅមេធាវីគណបក្សប្រជាជនមើលសេចក្តីថ្លែងការណ៍ហ្នឹង គណបក្សកាន់អំណាច វាមានតែគណបក្សប្រជាជន គំហែងហ្អែងពីអង្កាល គំរាមនៅកន្លែងណា បើហ្អែងមិនដកពាក្យហ្នឹងទេ ប្តឹងមួយទៀត»

សម្តេចបន្តថា សម្រាប់វប្បធម៌សុំទោសគួរតែល្មមឈប់ហើយ ដោយសារតែកន្លងទៅគឺអ្នកដែលប្រព្រឹត្តខុសអាងតែសុំទោស។ ក្នុងនាមជាមេដឹកនាំ សម្តេចមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងប្រមាថដល់គណបក្សប្រជាជនទៀតទេ។ សម្តេចបានណែនាំឱ្យគណបក្សនយោបាយរៀនសូត្រអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលក្រុមហ៊ុនមួយ មិនបានវាយប្រហារទៅលើក្រុមហ៊ុនមួយទៀតទេ។

សម្តេចបន្ថែមថា៖ «ពួកអាចង្រៃនេះ បើវ៉ាប់ឡើងគិតតែពីជេរឯងតែម្តង ពីថ្ងៃនេះទៅអត់មានអត់ឱន មិនលើកលែងមិនអត់ឱន តាំងពីក្រោមដល់លើ បើត្រូវវ៉ៃខ្នោះគឺវ៉ៃភ្លាមតែម្តង»

សម្តេចបានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះទៅ គណបក្សប្រជាជនត្រូវតែលុបបំបាត់នូវការចោទប្រកាន់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន ដោយទី១ គឺពាក្យដែលចោទគណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» និងចំណុចទី២ គឺការចោទប្រកាន់លើប្រវត្តិគណបក្សប្រជាជនកម្ពុជា។

សម្តេចបានបន្ថែមទៀតថា៖ «ខ្ញុំមានដែលទៅប៉ះពាល់បក្សអ្នកឯងឯណា ហេតុអីបានអ្នកឯងមកប៉ះពាល់គណបក្សប្រជាជន សូម្បីតែគណបក្សប្រជាជនកើតពីត្រង់ណាអីត្រង់ណាអ្នកឯងមកថ្កោលទោស អ្នកឯងស្គាល់លទ្ធិប្រជាធិបតេយ្យគ្រប់គ្រាន់ហើយនៅ»

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅជនបរទេសទាំងឡាយ កុំឱ្យមានការលូកដៃ ប្រសិនបើសម្តេចចាត់វិធានការទៅលើការចោទប្រកាន់ដោយមិនមានមូលដ្ឋាន និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា៕