នាព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សកម្មជននិងយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំវាលម្លូរ។
ក្នុងពិធីនេះក៏មានការចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំវាលម្លូរ និងក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ យុវជនភូមិ-ឃុំ និងប្រជាការពារ សរុបចំនួនប្រមាណ៥០០ នាក់។
ឯកឧត្តមបណ្ឌិតបានកត់សំគាល់ក្នុងពិធីនេះថា «មានតែការបន្តនូវអំពើល្អរបស់សមាជិកបក្សគ្រប់ថ្នាក់ ទើបពង្រីកការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស»
ជាមួយនឹងការសំណោះសំណាល ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារក៏បានពាំនាំនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមការងារយុវជនគណបក្សឃុំ ដើម្បីពង្រឹងសកម្មភាពគណបក្សក្នុងមូលដ្ឋានផងដែរ។