ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញជាអធិបតី ក្នុងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សបញ្ចប់វគ្គកាត់ដេរ១២០នាក់ និងប្រគល់ម៉ាសុីនដេរ២០គ្រឿងដល់សិស្សឆ្នើម នៅខេត្តត្បូងឃ្មុំ


ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមនារីចំនួន ១២០នាក់ ដែលបាន
បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញកាត់ដេរ ស្ថិតនៅទីតាំងភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ដោយ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អនុប្រធាន សសយកខេត្តត្បូងឃ្មុំ អភិបាលស្រុកក្រូចឆ្មារ យុវជនសសយក យុវជន សនមក អាជ្ញាធរដែនដី និងគណៈអុីម៉ាំម៉ាស្ជិត ។

ឯកឧត្តម មានប្រសាសន៍ថា ៖ ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានអ្នកវិនិយោគ ជាតិនិងអន្តរជាតិបានមកបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិត្រូវ បានលើកកម្ពស់ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងនៅទីប្រជុំជន និង ជនបទដាច់ស្រយាលក៏មាន លក្ខណៈល្អប្រសើរ ព្រោះកូនចៅដែលនៅក្នុងបន្ទុកទទួលបានការសិក្សាបានខ្ពង់ខ្ពស់និងមានការងារធ្វើសមរម្យ មិនតែប៉ុណ្ណោះ មួយចំនួនទៀតធ្វើការនៅក្នុងក្របខណ្ឌរដ្ឋ ដែលអាចជួយការងារសង្គមបានយ៉ាងច្រើន ។ ចំណែកសាសនា នានា មានការីកចំរើន អាចរួមរស់នៅជាមួយគ្នាក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្នុងនោះក៏មានសាសនា ឥស្លាមផងដែរ ។
ឯកឧត្តមក៏បានឲ្យដឹងថា ៖ វគ្គកាត់ដេរនេះ បានបើកឲ្យដំណើរការរយៈពេល ១៣ឆ្នាំ រួចមកហើយ គឺចាប់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ដោយមានការឧបត្ថម្ភពីអង្គការ មុស្លិមហែលហ្វិន (Muslim Helfen) នៃប្រទេសអាល្លឺម៉ង់ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជាហៅកាត់ថា កាំសា (CAMSA) ហើយក្នុងនោះការបណ្តុះបណ្តាលលើជំនាញកាត់ដេរមានទីតាំងខុសៗគ្នាតាមវគ្គបណ្ដុះបណ្ដាលនីមួយៗ ដូចជានៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងត្បូងឃ្មុំ សរុបសិក្ខាកាមទាំង ១៣វគ្គ ដែលសមាគម បានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកាត់ដេរ មានចំនួន ១៥៦០នាក់ និងបានផ្ដល់ម៉ាស៊ីនដេរជូនសិស្សពូកែចំនួន ២០៥គ្រឿង ។
ឯកឧត្តម បានបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ គឺក្នុងមួយឆ្នាំចែកចេញជា ២វគ្គ ក្នុងមួយវគ្គមាន ៦ខែ និងមានសិក្ខាកាម ៦០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមជានារី សិក្សាដោយឥតគិតថ្លៃ ដែលជាជំនួយរបស់អង្គការ មុស្លិមហេលហ្វិន នៃប្រទេសអាល្លឺម៉ង់ ក្នុងការចំណាយប្រាក់ខែគ្រូបង្រៀន អ្នកសម្របសម្រួល រដ្ឋបាល សម្ភារៈកាត់ដេរ និងការចំណាយផ្សេងៗ រយៈពេល ១ឆ្នាំពេញ ។
សម្រាប់វគ្គបណ្តុះបណ្តាលលើកទី១៣ ឆ្នាំ២០២២- ២០២៣ ស្ថិតនៅទីតាំងភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំណាយថវិកាចំនួន ១៧០៨០អឺរ៉ូ ហើយសរុបរយៈពេល១៣ឆ្នាំ បានចំណាយថវិកាចំនួន ២១១០៦០អឺរ៉ូ ។ គោលបំណង នៃវគ្គសិក្សា គឺដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់មាតាបិតា កាត់បន្ថយពេលវេលា និងផ្ដល់ភាពងាយស្រួលដល់សិស្សនារី ព្រោះវគ្គសិក្សានីមួយៗ ត្រូវបានបង្ខិតឲ្យមកជិតក្នុងមូលដ្ឋានផ្ទាល់ជាមួយសិស្សជានារី ។វគ្គសិក្សានេះ ក៏បានជួយលើកកម្ពស់នារី ឲ្យចេះដេរប៉ាក់ ដេរសម្លៀកបំពាក់សម្រាប់គ្រួសារ អាចក្លាយទៅជាជាងកាត់ដេរ បើកហាងកាត់ដេរ ដែលអាចរកប្រាក់ចំណូលបន្ថែមជូនគ្រួសារ ទោះបីស្ថិតក្នុងកាលៈទេសៈសកលភាវូបនីយកម្មទំនើប បែបណាក៏ដោយ ក៏នៅតែត្រូវការជំនាញនេះជាចាំបាច់ផងដែរ ។
ឯកឧត្តម បានណែនាំដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គសិក្សាជំនាញកាត់ដេរ ត្រូវយកចំណេះដឹង នឹងជំនាញពិត ទៅប្រកបអាជីវកម្មឲ្យទទួលបានជោគជ័យ ហើយយើងក៏អាចជួយសម្រាលបន្ទុកក្នុងគ្រួសារបានមួយកម្រិត ក្នុងការទាញយកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានចំពោះ ការងារកាត់ដេរ សម្លៀកបំពាក់គឺជាការងារមួយក្នុងចំណោមការងារដ៏ច្រើននៅកម្ពុជាយើង គឺមានការប្រកួតប្រជែងទាំងគុណភាព និងការរចនាម៉ូតសម្លៀកបំពាក់ព្រោះកម្ពុជាបានកាន់របបទីផ្សារសេរី ដូចនេះគឺតែងតែមានការប្រជែងគ្នាក្នុងការប្រកបអាជីវកម្ម ក៏ដូចជារួមចំណែកជាមួយរដ្ឋភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របទៅតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របសរាជរដ្ឋាភិបាល ។