គណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីថ្លែងការរបស់គណបក្សភ្លើងទៀន


(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានចេញញាត្តិប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ និងសូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្ដីថ្លែងការរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១៦ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដែលបានចោទប្រកាន់ថា «គណបក្សកាន់អំណាច» បានគាបសង្កត់គំរាមកំហែង និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សភ្លើងទៀន។

លោកស្រី រាជ ផាវឿន នៅក្នុងញាត្តិគាំទ្រសេចក្ដីថ្លែងការរបស់គណបក្សប្រជាជនកម្ពុជា បានគូសរម្លិចថា ការអនុវត្តច្បាប់ចំពោះរូបវ័ន្តបុគ្គល និងនីតិបុគ្គល គឺជាការអនុវត្តនូវតួនាទី ភារកិច្ច នៃដែនសមត្ថកិច្ចផ្ដាច់មុខរបស់ស្ថាប័នតុលាការស្របតាមរដ្ឋធម្មនុញ គោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងបទដ្ឋានគតិយុត្តិទាំងឡាយរបស់របស់ព្រះរាជាណាចក្រកម្ពុជា ចំពោះជនដែលប្រព្រឹត្តខុសនឹងបទបញ្ញាត្តិជាធរមាន ដោយមិនសំដៅលើមនុស្សមួយក្រុម ឫថ្នាក់ដឹកនាំ សកម្មជនរបស់គណបក្សណាមួយនោះទេ។

លោកស្រី រាជ ផាវឿន បានគូសរម្លិចទៀតថា ស្របតាមស្មារតីនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់គីឡូម៉ែត្រលេខ៦ មិនអាចទទួលយកបានជាដាច់ខាត ចំពោះចេតនាទុច្ចរិតរបស់គណបក្សភ្លើងទៀន ដែលបានបង្កាច់បង្ខូចកិត្តិយស កេរ្ដិ៍ឈ្មោះ «គណបក្សប្រជាជនកម្ពុជា» ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្ន និងបានប្រើប្រាស់ការមិនគោរពច្បាប់របស់បុគ្គលថ្នាក់ដឹកនាំរបស់ខ្លួន បំភ័ន្ដសាធារណៈជនថាជារឿងនយោបាយ សម្រាប់ទាញប្រយោជន៍នយោបាយ និងបម្រើភាពអត្មានិយមរបស់បក្សខ្លួន។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ សូមប្ដាជ្ញាគាំទ្រយ៉ាងពេញទំហឹងលើប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ចំពោះវិធានការនានា ដើម្បីការពារភាពស្អាតស្អំជូនគណបក្សប្រជាជនកម្ពុជា និងសូមប្រកាសគាំទ្រនូវវិធានការច្បាប់ទាំងឡាយ ចំពោះបុគ្គល និងក្រុមជ្រុលនិយម ដែលមានចេតនាទុច្ចរិត បំផ្លិចបំផ្លាញកិត្តិយសកេរ្ដិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសកម្មភាពនានា ដែលអាចបង្កចលាចលសង្គម អស្ថិរភាពនយោបាយ និងប៉ះពាល់ដល់សុខដុមនីយកម្មនៃសង្គមជាតិ៕