បារាំង សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកិច្ចអភិវឌ្ឍន៍នៅកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួង អឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងបារាំង។ ឯកឧត្តម បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការនេះបន្តទៀត ដើម្បីជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

ឯកឧត្តម អូលីវេ្យ បិច បានលើកឡើងបែបនេះ នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម អូលីវេ្យ បិច បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលកសាងស្តូបរំលឹកដល់វីរភាពរបស់វីរជនកម្ពុជា-បារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ លោក បានលើកឡើងទៀតថា ស្តូបនេះជានិមិត្តរូប នៃមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងបារាំង។

ឯកឧត្តម អូលីវេ្យ បិច ក៏បានលើកឡើងផងដែរថា មិត្តភាពរវាងកម្ពុជា និងបារាំង បានចាប់ផ្តើមចេញពីវប្បធម៌ ហើយតាមរយៈវប្បធម៌ បានពង្រីកទៅកាន់វិស័យដទៃទៀត ដូចជាវិស័យអប់រំ វិនិយោគ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ រទេះភ្លើង សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបារាំងរូបនេះ បានជម្រាបសម្តេចតេជោទៀតថា បារាំង ត្រៀមខ្លួនជាស្រេចក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យដែលបានរៀបរាប់ខាងលើ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ជាពិសេសបន្ទាប់ពីជំនួបផ្ទាល់រវាងសម្តេច និងឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

សម្តេចតេជោ បានមានប្រសាសន៍ថា ស្តូបមិត្តភាព ដែលកំពុងត្រៀមសាងសង់ឡើងវិញនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩២៥ តែត្រូវបានបំផ្លាញចោលក្នុងរបបខ្មែរក្រហម។ រូបសំណាកនេះ គឺជានិមិត្តរូបនៃមិត្តភាព និងសមិទ្ធផលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំងផងដែរ។

ក្នុងជំនួបនេះ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនបារាំង ដែលតែងតែជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីជំនួបចង្អៀតរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និង លោក អូលីវេ្យ បិច បានរៀបចំជំនួបទ្វេភាគី ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បីជជែកទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យនានាដែលមានសក្តានុពលសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

សូមរំលឹកថា ឯកឧត្តម អូលីវេ្យ បិច កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។ ទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែមករា។

ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនដ្ត្រីកម្ពុជា និងឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស៍ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ស្ថានទូតបារាំងនៅកម្ពុជា បានឱ្យដឹងថា អមដំណើរដោយគណៈប្រតិភូធុរជនដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក អូលីវេ្យ បិច នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងដំណើរទស្សនិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ នឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំងចំនួន ៥,០០០នាក់ ដែលកំពង់រស់នៅកម្ពុជា បានចុះបញ្ជីជាមួយស្ថានទូត។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏នឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រៅពីនេះ ឯកឧត្តម អូលីវេ្យ បិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។

ឯកឧត្តម អូលីវេ្យ បិច ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។

ស្ថានទូតបារាំង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួម របស់លោកប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។

អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕