ពលរដ្ឋជា៦០០គ្រួសារ នៅឃុំស្រយ៉ង់ ខេត្តព្រះវិហារ ទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ


(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន ៦១៤គ្រួសារ ស្មើនឹង ១,០៦៣ក្បាលដី លើផ្ទៃដីចំនួន ១០,៤៧២ហិកតា នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋពីតម្លៃ នៃកម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថា ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ សូម្បីតែស្លាបព្រា វែកបាយ ក៏មិនមែនជាកម្មសិទ្ធិយើងនោះដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាឆ្នាំខួបអនុស្សាវរីយ៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរ ខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាម ស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ រហូតប្រារព្វពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលដែលសម្រេចបានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេងការចុះបញ្ជីដីធ្លីដូចបានលើកឡើងខាងលើ កន្លងមករដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីថ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋ ការកាន់កាប់ទន្ទ្រានដីថ្មីៗ បែបអនាធិបតេយ្យពីសំណាស់ជនខិលខូច និងជនឱកាសនិយមដោយទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគះ នៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន»

ដោយឡែកលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំស្រយ៉ង់ មាន២ភូមិ ក្នុងនោះភូមិរំចេកជាភូមិទី២ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។

លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋគឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកប្រធានមន្ទីរ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលយើងអាចប្រើប្រាស់បានតាមតម្រូវការស្របតាមច្បាប់ និងណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ពោលគឺយកទៅអ៊ុតដូចអត្តសញ្ញាណបណ្ណឱ្យសោះ៕