ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ៖ “គណបក្សប្រជាជនកម្ពុជា មិនស្កប់ស្កល់នឹងជ័យជន្នះនោះទេ យើងនៅតែពង្រឹង និងពង្រីកប្រៀបឈ្នះបន្ថែមលើមូលដ្ឋានជ័យជម្នះនេះ ដោយការខិតខំបម្រើប្រជាពលរដ្ឋបន្ថែមទៀត”


នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​ជួប​សំណេះសំណាល​ជា​មួយ​សកម្មជន និង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ពិធីនេះ ក៏មានការចូលរួមជាគណៈអធិបតី ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំពពេល រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំពពេល និងក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ យុវជនភូមិ-ឃុំ និងប្រជាការពារ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានសង្កត់ធ្ងន់ថា ៖ “គណបក្សប្រជាជនកម្ពុជា មិនស្កប់ស្កល់នឹងជ័យជន្នះនោះទេ យើងនៅតែពង្រឹង និងពង្រីកប្រៀបឈ្នះបន្ថែមលើមូលដ្ឋានជ័យជម្នះនេះ ដោយការខិតខំបម្រើប្រជាពលរដ្ឋបន្ថែមទៀត” ។
ជាមួយនឹងការសំណោះសំណាល ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងក្រុមការងារក៏បានផ្តល់នូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមការងារយុវជនគណបក្សឃុំ ដើម្បីពង្រឹងសកម្មភាពគណបក្សក្នុងមូលដ្ឋានផងដែរ។