អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ក្នុងស្រុកវាលវែង


(ពោធិ៍សាត់)៖ អគារសាលាឃុំថ្មដា ដ៏ថ្មីស្រឡាងមួយខ្នង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលទើបបានបញ្ចប់ការសាងសង់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា គម្រោងសាងសង់អគារសាលាឃុំថ្មដាថ្មី ជាគម្រោងថវិកាគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ តាមរយៈរដ្ឋបាលខេត្តពោធិ៍សាត់ ដែលចាប់ផ្តើមសាងសង់ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់ការសាងសង់អគាររដ្ឋបាលឃុំថ្មដានេះ មានផលប្រយោជន៍ជាច្រើន សម្រាប់ជួយសម្រួលក្នុងការអនុវត្តការងារ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមបានធ្វើឲ្យស្រុកវាលវែង ជាពិសេសឃុំថ្មដា ទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន រួមអគាសិក្សានៅសាលាឋមសិក្សាស្ទឹងមេទឹក គម្រោងបង្កើតសាលាបឋមសិក្សាស្ទឹងកាច់ និងផ្តល់អគារសិក្សាថ្មីមួយខ្នងទៀត រួមជាមួយសមិទ្ធិផលថ្មីៗជាច្រើនទៀត ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក ជាពិសេសអគាររដ្ឋបាលឃុំថ្មី ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាការលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិ របស់ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ និងមានការទទួលស្គាល់ និងគាំទ្រពីបណ្ដាប្រទេសទូទាំងសកលលោកគ្រប់កាលៈទេសៈ គ្រប់ស្ថានភាព និងមានការគាំទ្រ ដ៏ទូលំទូលាយពីប្រជាជន មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ដែលមានវិន័យម៉ឺងម៉ាត់ របៀបរបបការងារ ហ្មត់ចត់ និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព មនសិកាវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ។

ឯកឧត្តមក៏បានជម្រាបជូនថា ដើមឡើយតំបន់នេះគឺជាសមរភូមិមុខ ឆ្លងកាត់ភ្លើងសង្គ្រាម ផ្លូវក៏ពិបាកធ្វើដំណើរ តែបច្ចុប្បន្ននេះដោយយើងមានសុខសន្តិភាពហើយ នៅពេលខាងមុខឃុំថ្មដា នឹងក្លាយជាទីក្រុងសេដ្ឋកិច្ចពិសេសមួយ ដែលត្រូវតម្លើងជាច្រកទ្វាព្រំដែនអន្តរជាតិ រវាងកម្ពុជា-ថៃ ហើយនៅចំពោះមុខយើងនេះ យើងក៏ត្រូវរៀបចំបរិស្ថាន តុបតែងលម្អ ទុកដាក់ខ្លួន ឱ្យសាកសមជាអ្នករស់នៅក្នុងតំបន់ដែលអភិវឌ្ឍន៍នេះផងដែរ។

ឯកឧត្តមក៏បានជំរុញដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំ ត្រូវពង្រឹងនូវកិច្ចការងារបន្ថែម ជាពិសេសត្រូវរក្សា ឲ្យបាននូវស្ថេរភាពនយោបាយ សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់ នូវល្បែងស៊ីសងគ្រប់ប្រភេទ ជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់តាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ត្រូវផ្តល់សេវាសាធារណៈ និងខិតខំដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ យុត្តិធម៌ គុណធម៌ សមធម៌ តម្លាភាព និងប្រសិទ្ធភាព៕