(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ត្រូវបានរដ្ឋាភិបាលជប៉ុន តែងតាំងជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ជំនួសឯកឧត្តម មីកាមិ ម៉ាសាហីរ៉ូ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានអញ្ជើញ មកដល់ប្រទេសកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២៣។
ឆ្នាំ២០២៣ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី នឹងមានបេសកកម្មពិសេសនៅក្នុងឆ្នាំ២០២៣នេះ ជំរុញសកម្មភាពនានា ដើម្បីអបអរសាទរដល់ខួបនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕