(សៀមរាប)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កម្ពុជានឹងបង្ហាញពីការអនុវត្តល្អៗជាច្រើនពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ការបង្ហាញពីភាពជោគជ័យ និងការអនុវត្តកម្មវិធីមួយចំនួនក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះនៃវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា (សេដ្ឋកិច្ចវិលជុំ)។
អ្នកនាំពាក្យរូបនេះ បានថ្លែងថា នេះជាលើកទី១ ហើយដែលក្រសួងបរិស្ថាន បានធ្វើជាម្ចាស់ផ្ទះនៃវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា បន្ទាប់វេទិកានេះបានបង្កើតឡើងនៅឆ្នាំ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្រាប់វេទិកាថ្នាក់តំបន់លើកទី១១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះលើកទី១ លើទឹកដីនៃខេត្តសៀមរាប គឺចាប់ផ្តើមនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបាន សង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដែលមានការចូលរួមពីគណៈប្រតិភូមកពី ៣៩ប្រទេស ដែលមានក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបថា សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី 3R និងសេដ្ឋកិច្ចចក្រា គឺពិតជាមានមោទនភាព សំខាន់បំផុត ហើយកម្ពុជានឹងបង្ហាញទៅដល់ប្រទេសជាមិត្តផ្សេងៗទៀត ដែលបានចូលរួមអំពីការអនុវត្តល្អៗជាច្រើន ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើសំណ់ប្លាស្ទិក ហើយពិសេសជាងនេះទៅទៀត គឺការបង្ហាញពីភាពជោគជ័យ និងការអនុវត្តកម្មវិធីមួយចំនួន ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក»។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូបានអនុវត្តកម្មវិធីអង្ករប្លាស្ទិក នៅតាមដងទន្លេសាប ដែលចាប់ផ្តើមដំបូងនៅខេត្តសៀមរាប ក៏ជាឧទាហរណ៍មួយនឹងបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គនៃវេទិការថ្នាក់តំបន់លើកទី១១ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R សេដ្ឋកិច្ចចក្រា ផងដែរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ ក៏នឹងបង្ហាញពីគោលនយោបាយសេដ្ឋកិច្ចចក្រា (សេដ្ឋកិច្ចវិលជុំ) ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុម័ត ដែលផ្តោតសំខាន់ទៅលើការកែច្នៃ ទៅលើការរៀបចំនូវប្រព័ន្ធគ្រប់គ្រងសំណល់ និងការទាញផលពីសំណល់ដែលបានប្រើប្រាស់ជាដើម។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា «សម្រាប់ការរៀបចំវេទិការនេះស្របតាមសំណើររបស់ប្រទេសជប៉ុន ដើម្បីធ្វើការកិច្ចសហប្រតិបត្តិការទូលំទូលាយលើការកម្ពស់គោលការណ៍ 3R គឺ R1 កាត់បន្ថយ R2 ប្រើប្រាស់ឡើងវិញ និង3R ការកែច្នៃឡើងវិញនូវក្នុងតំបន់អាស៊ី។ វេទិការនេះមាន សមាជិកមានរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ វិស័យឯកជន អង្កការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត»។
បន្ថែមពីនេះ ឯកឧត្តម នេត្រ ភក្រ្តា បានគូសរំលេចថា បើយើងមិនមានវិធានការទប់ស្កាត់ទៅលើបញ្ហាក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ប្លាស្ទិកនៅលើភពផែនដីរបស់យើងនឹងកើនឡើងទៅដល់ ៣៤ប៊ីតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយបើប្រៀបធៀនទៅត្រីដែលនៅក្នុងមហាសមុទ្រ ប្លាស្ទិកនេះ គឺមានចំនួនច្រើនជាងត្រីនៅក្នុងមហាសមុទ្រទៀត។ បញ្ហាថង់ប្លាស្ទិកនេះជាបញ្ហាមួយដែលបង្កើតនៅផលប៉ះពាល់ទី១៖ ប៉ះពាល់ដល់បរិស្ថាន, ទី២៖ ប៉ះពាល់ដល់សុខភាព ទី៣៖ ប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះពិភពលោកបានយកចិត្តទុកដាក់ខ្លាំងទៅលើការប្រើប្រាស់ឡើងវិញ ការកែច្នៃ ការកាត់បន្ថយដើម្បីកាត់បន្ថយផលប៉ះពាល់ នៃប្លាស្ទិកនេះ នៅលើភពផែនដី ហើយនៅក្នុងនោះ គឺមានការដាក់ចុះ នៅគោលនយោបាយសេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែលសំដៅទៅលើការទាញយកនៅការកែច្នៃ ទៅលើសំណល់រឹង មកឱ្យធ្វើជារបស់ដែលមានតម្លៃ ហើយប្រើប្រាស់នៅក្នុងប្រព័ន្ធវិលជុំ»។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា សារធាតុប្លាស្ទិកបានបង្កការប៉ះពាល់ដល់សារពាង្គកាយមនុស្សតាមរយៈចំណីអាហារ និងការប្រើប្រាស់នូវរបស់របផ្សេងៗ។ សម្រាប់វេទិការតំបន់3R និងសេដ្ឋកិច្ចចក្រានេះឡើងដើម្បីធ្វើរកចំណុចរួមក្នុងការដោះស្រាយបញ្ហាដែលកើតឡើងពីផលិតផលប្លាស្ទិក ថាតើអាចគ្រប់គ្រងប្លាស្ទិកនៅលើពិភពលោកដោយរបៀបណា។
សូមបញ្ជាក់ ថាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជានេះ ដោយបានផ្តោតលើការកាត់ បន្ថយការប្រើប្លាស្ទិក ប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់នូវសំណល់ប្លាស្ទិក ហៅកាត់ថា «3R» និងសេដ្ឋកិច្ចចក្រា ចំពោះការកែច្នៃ និងការគ្រប់គ្រងសំណល់ប្លាស្ទិក ខណៈកំពុងជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕