(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាពដ៏យូរលង់ ដែលផ្សារភ្ជាប់កម្ពុជា និងបារាំង។
ការអបអរសាទរ បានធ្វើឡើងពេលលោក ប៊ែរត្រង់ ល័រតូឡារី ប្រធាននាយកដ្ឋានអាអ៉ី និងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រសួងការបរទេស។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គឺបញ្ជាក់ទៀតថា ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច ការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសេចក្ដីសោមនស្សចំពោះដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក អូលីវីយេរ ប៊ិច រដ្ឋមន្រ្ដីប្រតិភូអមរដ្ឋមន្រ្ដី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញ និងជនជាតិបារាំងរស់នៅបរទេស។ ព្រឹត្តិការណ៍ទាំងពីរនេះ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងបារាំង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកប្រធាននាយកដ្ឋាន អំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់កម្ពុជា ក្នុងកាជម្រុញឲ្យអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងនាំប្រទេសនេះត្រឡប់មករកស្ថានភាពជាប្រក្រតីវិញ តាមរយៈកិច្ចសន្ទនា។
លោក ប៊ែរត្រង់ ល័រតូឡារី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាលើកដំបូង របស់លោកនៅឆ្នាំ១៩៩៣ ដែលកាលនោះលោកជានិសិ្សតនៅឡើយ។
លោកក៏បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ជាពិសេសក្នុងបរិបទនៃការគ្រប់គ្រងវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់ និងជុំវិញពិភពលោក ដូចជានៅប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាបានដាក់ចេញនូវសកម្មភាពឥតឈប់ឈរជាច្រើន ក្នុងគោលដៅជួយអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលទទួលបានការឯកភាពពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន ដើម្បីជួយដោះស្រាយភាពតានតឹងនានា ក្នុងរយៈពេលពេញមួយឆ្នាំ២០២២ កន្លងទៅនេះ។
នៅឆ្នាំ២០២៣ នឹងមានការប្រារព្ធខួបលើកទី៧០ នៃបុណ្យឯករាជ្យជាតិកម្ពុជា ការបង្កើតវិទ្យាស្ថាន ប៉ាស្ទ័រ និងជាខួបលើកទី ៣០ នៃ CIC អង្គរ ព្រមទាំងវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅកម្ពុជា៕