សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន រយៈពេល៣ថ្ងៃ។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រទេសចិន។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិននាពេលនេះ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយកូនប្រុស២នាក់របស់សម្តេចតេជោ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងប្រតិភូជាន់ខ្ពស់មួយចំនួនទៀត។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន។

សម្តេចតេជោ ក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។

ក្រោយជំនួបសម្តេចតេជោ និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិននាពេលនេះ ត្រូវបានរំពឹងថា នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានចិន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាល ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ការស្វះស្វែងរកកិច្ចគាំទ្រលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមទាំងផ្លូវដែកផង គឺជារបៀបវារៈសំខាន់មួយនៅក្នុងដំណើរទស្សនកិច្ចនេះ។ ជាពិសេសដំណើរទស្សនកិច្ចចំខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងចិននោះ នឹងរួមចំណែកពូនជ្រុំឱ្យទំនាក់ទំនងដ៏យូរអង្វែងមួយនេះកាន់តែងរឹងមាំថែមទៀត។

យោងតាមការកត់ត្រារបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់ប្រទេសចិន ចំនួន ១៤លើកហើយ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន ៦លើក និងទស្សនកិច្ចដើម្បីបំពេញការងារផ្សេងៗចំនួន៨លើក៕