(កណ្តាល)៖ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១,០០០ម៉ែត ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ នៅភូមិបទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង បានសម្ពោធហើយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
អភិបាលខេត្តកណ្ដាល បានលើកឡើងថា ផ្លូវបេតុងមួយខ្សែនេះមានសារៈសំខាន់ណាស់ ជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ហើយចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋនឹងលែងជួបការលំបាក ក្នុងការធ្វើដំណើរទៀតហើយ នៅឆ្នាំក្រោយខ្ញុំនឹងផ្ដល់ផ្លូវបេតុងប្រវែង ១,០០០ម៉ែត្របន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងឃុំកោះខ្សាច់ទន្លាផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់ផ្លូវនេះជាសក្ខីភាពស្រាប់។
ឯកឧត្តមបន្តថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកកសិផលទៅកាន់ទីផ្សារ សំដៅចូលរួមអនុវត្តន៍ នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ បានសំដែងការត្រេកអរជាខ្លាំងនូវសមិទ្ធផលដ៍ល្អមួយនេះ ហើយប្ដេជ្ញាថានឹងនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិបន្តបន្ទាប់៕