(វៀងច័ន្ទ, ឡាវ)៖ ប្រមុខរដ្ឋរបស់ឡាវ ឯកឧត្តម ថងលុន ស៊ីសូលីត បានបង្ហាញនូវក្តីសោមនស្សរីករាយ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសឡាវ។ ប្រមុខរដ្ឋឡាវ បានចាត់ទុកដំណើរទស្សនកិច្ចសម្តេចតេជោ មានគុណតម្លៃ និងសារៈសំខាន់ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ការគូសរំលេចបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ថងលុន ស៊ីសូលីត នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លើយតបតាមការអញ្ជើញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាពេលនេះ។
តាមរយៈសម្តេចតេជោនាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋឡាវ បានសូមគោរពយាងព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ ស្តេចយាង បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីវៀងច័ន្ទ តាមពេលវេលាដ៏សមស្របនាពេលខាងមុខ។
ប្រមុខរដ្ឋឡាវ ក៏បានសំដែងការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ប្រមុខរដ្ឋឡាវ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុត ចំពោះសម្តេច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេសឡាវ ក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ។
ប្រមុខរដ្ឋឡាវ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលឈានទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់បម្រើឱ្យផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ឡាវ។
បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររួចហើយនោះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់ប្រទេសឡាវ ដែលមានឈ្មោះថា «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាការដឹង និងថ្លែងអំណរគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ។ ជាពិសេសក្នុងដំណាក់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងដំណាក់កាលនោះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំងជិត ១លានដូស ផ្តល់រថយន្តដឹកវ៉ាក់សាំងប្រមាណ ១០គ្រឿង សម្ភារៈវេជ្ជសាស្រ្ត និងការកៀរគរសប្បុរសជនកម្ពុជា ជួយផ្តល់នូវថវិកាសរុបប្រមាណ ១៣លានដុល្លារ ជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដោះស្រាយការលំបាក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕