ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ណែនាំគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៧ រៀបចំផែនការឱ្យបានរួចរាល់ មុននឹងឈានដល់ពិធីបុណ្យ


(កំពុងធំ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំ នៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការអប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ប្រជាជនតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម។

ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀបចំរបស់ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។

លើកឡើងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេឆ្នាំនេះ នឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជា៖ ការសម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងមានសកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៧នេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។

ឯកឧត្តមបានរំលឹកថា នៅកម្ពុជាមានខេត្តជាច្រើនដែលមានទីក្រុងជាប់ដងទន្លេ និងសម្បូរដោយសក្តានុពលទេសចរណ៍វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលគ្រប់គ្រងដោយប្រជាសហគមន៍ ដោយលោកចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យយលដឹងពីចំណុចទាំងអស់នេះ។

ឯកឧត្តម ថោង ខុន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ធំ និងមន្ត្រីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាត្រៀមរៀបចំឱ្យបានរួចរាល់មុនពិធីបុណ្យទន្លេបានមកដល់ ដែលមានដូចជាផ្នែក កម្មវិធីសិល្បៈ កីឡា ការរៀបចំតុបតែងកែលម្អសោភ័ណភាព ខ្លឹមសារនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យ ការរៀបចំហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ ផ្សព្វផ្សាយដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត ដើម្បីទាក់ទាញការចូលរួមឱ្យបានផុសផុល។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ទៀតថា ត្រូវរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឱ្យបានច្រើន ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក ក្រៅពីនេះក៏ត្រូវមានការបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ឱ្យបានយល់ថាកម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយរបស់កម្ពុជាផងដែរ៕