លោកជំទាវ ព្រំ សុភី និង ឯកឧត្តម គឹម ឆៃហៀង រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន


“រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” គឺជាប្រធានបទមួយ នៃការប្រគំតន្រ្តីមេត្រីភាពបរិស្ថាន ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែសីហាឆ្នាំ២០១៧ នៅ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប លោកជំទាវអគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន រួមទាំងមានការចូលរួមពីសា្ថប័នពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស សិស្សានុសិស្ស យុវជន សាធារណជនប្រមាណជា៨០០នាក់។
ការប្រគំតន្រ្តីមេត្រីភាពបរិស្ថាននេះ គឺជាលើកទី២ ហើយសម្រាប់ឆ្នាំ២០១៧ ដែលមានការរៀបចំដោយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងពីប្រតិបត្តិបៃតង ឬមេត្រីភាពបរិស្ថានដល់យុវជន សាធារណជន និងប្រជាសហគមន៍ លើកកម្ពស់ការចូលរួមរបស់យុវជន និងសាធារណជនឱ្យស្រលាញ់ធម្មជាតិ និងមេត្រីភាពបរិស្ថាន ក៏ដូចជាជំរុញការយល់ដឹងដល់ សាធារណជន និងប្រជាសហគមន៍ ទាក់ទងទៅនឹងអត្ថប្រយោជន៍​នៃធនធានធម្មជាតិ និងជីវៈចម្រុះ រួមទាំងការចូលរួមការពារ និងភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយ​មេត្រីភាពបរិស្ថាន។
នាឱកាសនោះដែរ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការប្រគំតន្រ្តីមេត្រីភាពបរិស្ថាននេះ នឹងជំរុញការផ្សព្វផ្សាយបន្ថែមដល់សាធារណជន និងយុវជនឲ្យចេះស្រលាញ់ ចូលចិត្តបរិស្ថាន ការចូលរួមការពារធានធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ហើយប្រជាសហគមន៍ ក៏អាចទទួលបានការយល់ដឹងពីមេត្រីភាពបរិស្ថាន និងលើកកម្ពស់កម្រិតជីវភាពបន្ថែមទៀតផងដែរ ដោយក្នុងនោះការចូលរួមពី វិស័យឯកជនក៏ជាផ្នែកមួយ ក្នុងការលើកកម្ពស់ក្នុងការប្រត្តិបត្តបៃតងល្អប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព។
គូបញ្ជាក់ថា ក្នុងការប្រគំតន្រ្តីនេះ គឺមានការបង្ហាញជូននូវការប្រគំបទចំរៀង ដែលមានអត្តន័យ ផ្សព្វផ្សាយពីទីក្រុងបៃតង មេត្រីភាពបរិស្ថានផ្តើមចេញពីយើង និងមានការសំដែងបទចំរៀងអប់រំបរិស្ថាន ដោយសិស្ស សាលាបឋមសិក្សាវត្តបូព៌ ផងដែរ។ ក្នុងព្រឹត្តិការណ៍ នៃការប្រគំតន្រ្តីនេះ ក៏មានការដាក់បង្ហាញពីផលិតផល ដែលបានមកពីការកែច្នៃសំរាម ដែលមានដូចជា កាបូប រូបចម្លាក់ និងរូបសត្វ ជាដើម ដើម្បីបង្ហាញពីការចូលរួមរបស់យុវជន ក្នុងការអប់រំផ្សព្វផ្សាយ ដែលមានជាច្រើនរូបភាពទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការស្រឡាញ់វប្បធម៌។ ជាមួយគ្នានេះ ក៏មានការចែកជូននូវវិញ្ញាណប័នប័ត្រ ដល់អ្នកដែលប្រតិបត្តិករមេត្រីភាពបរិស្ថានបានល្អផងដែរ៕