លោក ចាន់ ស៊ីណាត ដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យ ជំរុញការងារការដ្ឋានប្រព័ន្ធធារាសាស្ត្រវ៉ៃកូ


អនុវត្តតាមចំណាត់តាំងរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យ ជំរុញការងារការដ្ឋានប្រព័ន្ធធារាសាស្ត្រវ៉ៃកូ និងដាក់ផែនការដើម្បីអនុវត្តបន្ត រួមមាន ៖
– ធ្វើការសិក្សាគ្រោងប្លង់លំអិតជាបន្ទាន់លើអនុត្តរភាពប្រព័ន្ធប្រឡាយរង និងប្រឡាយជើងក្អែបក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តវ៉ែកូ ដែលមានប្រវែងសរុបចំនួន ១៨០ គម ។
– ស្ថារឡើងវិញនូវព្រែក ១ ខ្សែ ប្រវែង ៨ គម នៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ដើម្បីប្រែក្លាយតួនាទីរបស់ព្រែកនេះ ឱ្យទៅជាប្រឡាយមេដោះទឹកនៅពេលមានជំនន់ទឹកភ្លៀង (Flash Flood) បញ្ចៀសការខូចខាតដំណាំស្រូវនៅក្នុងប្រព័ន្ធ ។
– សិក្សាជាបន្ទាន់លើប្រព័ន្ធប្រឡាយមេតាដុក សម្រាប់ទាញទឹកដ៏ច្រើនពីទន្លេមេគង្គ ទៅកាន់ស្រុករំដួល ខេត្តស្វាយរៀង ប្រវែង ៧៨ គម ដល់ស្ទឹងអន្លង់កី ដើម្បីបង្កើនការស្រោចស្រពឱ្យបានកាន់តែច្រើនបន្ថែមទៀតតាមរយៈប្រព័ន្ធប្រឡាយមេកីចក ដល់ស្រុកស្វាយជ្រំុ ក្រុងស្វាយរៀង ក្រុងបាវិត ស្រុកកំពង់រោទ៍ ស្រុកស្វាយទៀប និងធ្វើការស្រោចស្រពបានជាច្រើនស្រុក ក្នុងខេត្តព្រៃវែង ។